មនុស្សរាប់ពាន់នាក់បានដើរតាមដងផ្លូវនៃទីក្រុងបូលីវី កាលពីថ្ងៃពុធ (ទី១១ ខែកញ្ញា) ដើម្បីតវ៉ាឲ្យមានវិធានការ ជុំវិញចំហេះព្រៃដែលបានបំផ្លិចបំផ្លាញផ្ទៃដីជាង ៤លានហិកតា ប៉ះពាល់យ់ាងធ្ងន់ធ្ងរការចិញ្ចឹមជីវិត និងសត្វព្រៃ ហើយនិងគំរាមកំហែងដល់ផ្ទៃដីចំនួនជាង ៥លានហិកតាដែលបានបាត់បង់ ក្នុងឆ្នាំ២០១៩។
ក្រុមអ្នកតវ៉ា នៅទីក្រុង La Paz, Cochabamba និង Santa Cruz បានទាមទារឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីបូលីវី លោក Luis Arce លុបចោលបណ្ដុំច្បាប់ដែលសកម្មជននិយាយថា ជួយជំរុញឲ្យមានការសម្អាតដីតាមរយៈការដុត។
អគ្គិភ័យបានឆាបឆេះអស់ជាច្រើនសប្តាហ៍ ដោយមានសភាពកាន់តែធ្ងន់ធ្ងរឡើង ដោយសារគ្រោះរាំងស្ងួត គ្របដណ្តប់ទីក្រុងដោយផ្សែងអ័ព្ទ និងបានធ្វើឲ្យប្រទេសនៅអាមេរិកខាងត្បូងមួយនេះស្ថិតនៅលើផ្លូវនៃឆ្នាំដែលអាចមានចំហេះព្រៃច្រើនបំផុត។
ប្រទេសជិតខាងប្រេស៊ីល ក៏កំពុងទទួលរងនូវការចាប់ផ្តើមដ៏ក្តៅគគុកនៃរដូវកាលចំហេះព្រៃផងដែរ ដោយអគ្គិភ័យធ្វើឲ្យទីក្រុងធំៗ គ្របដណ្ដប់ដោយផ្សែង ហើយតំបន់ព្រៃអាម៉ាហ្សូនដ៏ធំសម្បើម នៅទីនោះ កំពុងត្រូវបានឆាបឆេះ។ តំបន់ធំទូលាយមួយនេះ កំពុងជួបគ្រោះអគ្គិភ័យដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នាំ២០១០ មក៕