យានអវកាសមានមនុស្ស Soyuz MS-26 ដែលបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Baikonur Cosmodrome របស់ប្រទេសកាហ្សាក់ស្ថានកាលពីយប់ថ្ងៃពុធ បានចូលក្នុងស្ថានីយ៍អវកាសអន្តរជាតិ(ISS)ដោយជោគជ័យ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការចូលចត ។
អវកាសយានិក Don Pettit របស់អង្គការ NASA ជាមួយនឹងអវកាសយានិករុស្ស៊ី Alexey Ovchinin និង Ivan Vagner បានចូលរួមជាមួយអវកាសយានិក ១៦នាក់ ដែលស្ថិតនៅលើយានក្នុងស្ថានីយ៍អវកាសអន្តរជាតិ ISSរួចទៅហើយ ។ បេសកកម្មនេះ នាំឲ្យចំនួនមនុស្សសរុបនៅលើគន្លងផែនដី កើនឡើងដល់ចំនួនបំបែកកំណត់ត្រា ១៩នាក់ ។
បេសកកម្មនេះ មានគម្រោងឲ្យអវកាសយានិក ចំណាយពេល ២០២ថ្ងៃនៅលើយានក្នុងស្ថានីយ៍អវកាសអន្តរជាតិ ISS ហើយពួកគេនឹងវិលត្រឡប់មកកាន់ផែនដីវិញ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ។
ទីភ្នាក់ងារអវកាសរុស្ស៊ី Roscomos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សម្រាប់បេសកកម្មរយៈពេល ៦ខែនេះ ការពិសោធន៍វិទ្យាសាស្រ្តចំនួន ៤២ គ្រោងនឹងធ្វើឡើង ក្នុងនោះ ការពិសោធន៍ចំនួន ៣ នឹងធ្វើឡើងជាលើកដំបូង ។
សូមបញ្ជាក់ថា នេះគឺជាបេសកកម្មអវកាសលើកទី ៣សម្រាប់លោក Ovchinin លើកទី ២សម្រាប់លោក Vagner និងលើកទី ៤សម្រាប់លោក Pettit ៕