រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi កាលពីថ្ងៃពុធ បានរិះគន់ខ្លាំងៗចំពោះសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអាល្លឺម៉ង់ សម្រាប់ការដាក់ទណ្ឌកម្មថ្មីលើទីក្រុងតេអេរ៉ង់ ជុំវិញការលក់យាន្ដដ្រូន និងមីស៊ីលទៅឱ្យប្រទេសរុស្ស៊ី តាមដែលបានចោទប្រកាន់។
ការថ្លែងរបស់លោក Araghchi បានធ្វើឡើងនៅក្នុងការបង្ហោះលើវេទិកាផ្សព្វផ្សាយសង្គម X មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសការនាំចេញមីស៊ីលរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ ក៏បានប្រកាសផងដែរអំពីផែនការលុបចោលកិច្ចព្រមព្រៀងសេវាផ្លូវអាកាសទ្វេភាគីជាមួយទីក្រុងតេអេរ៉ង់ និងដាក់ទណ្ឌកម្ម លើក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ង់ Iran Air ។
សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មថ្មីផងដែរលើបុគ្គល និងអង្គភាពមួយចំនួនក្នុងប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី រួមទាំងក្រុមហ៊ុនអាកាសចរណ៍ Iran Air ជុំវិញការចោទប្រកាន់ថា បានលក់យានដ្រូន និងមីស៊ីលទៅឱ្យប្រទេសរុស្ស៊ី។
លោក Araghchi បានរិះគន់ការដាក់ទណ្ឌកម្មនេះថា ផ្អែកលើ «ការស៊ើបការណ៍មិនត្រឹមត្រូវ និងហេតុផលមិនពិត» ដោយអះអាងថា អ៊ីរ៉ង់ពុំបានបញ្ជូនមីស៊ីលបាលីស្ទីកទៅឱ្យរុស្ស៊ីនោះទេ។
លោកបានពណ៌នាបន្ថែមទៀតថា ការដាក់ទណ្ឌកម្មទាំងនេះ ថាជា «អ្នកញៀនទណ្ឌកម្ម» ហើយ «ទណ្ឌកម្ម ពុំមែនជាដំណោះស្រាយនោះទេ ប៉ុន្តែជាផ្នែកនៃបញ្ហា»។