អ្នកស្រី Maria Zakharova គឺជាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និយាយថា រុស្ស៊ី និងចិន នឹងប្រតិកម្ម ដើម្បីរួមកម្លាំងគ្នា ហើយមិនត្រឹមតែខាងនយោបាយទេ បើសិនជាសហរដ្ឋអាមេរិក ដាក់ពង្រាយមីស៊ីលនៅប្រទេសជប៉ុន ។

កាសែត Japan Times រាយការណ៍កាលពីថ្ងៃទី ៧ ខែកញ្ញាកន្លងទៅថា សហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍លើការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhonទៅកាន់ប្រទេសជប៉ុន សម្រាប់សមយុទ្ធយោធារួមគ្នា ។

អ្នកស្រី Zakharova បានបញ្ជាក់ថា ភាពជាដៃគូរបស់រុស្ស៊ីជាមួយចិន គ្មានគោលបំណងប្រឆាំងនឹងភាគីទី ៣នោះទេ ប៉ុន្តែទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង អាចនឹងរួមកម្លាំងគ្នា បើសិនជាពួកគេប្រឈមនឹងការឈ្លានពាន ។
សូមបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping បានឯកភាពគ្នាលើការពង្រឹងអ្វីដែលពួកគេចាត់ទុកថាជាភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនាយុគសម័យថ្មី ៕
