ក្រោយចំណាយពេលច្រើនឆ្នាំអង្គុយតែក្នុងការិយាល័យរបស់ក្រុមហ៊ុនអ៊ុយក្រែនជាច្រើនកន្លែង អ្នកស្រី Liliia Shulha បានចាប់ផ្តើមការងារក្នុងក្តីស្រមៃរបស់គាត់ជាអ្នកបើកបររថយន្តធំ ជាមួយក្រុមហ៊ុនលក់រាយឈានមុខ Fozzy Group របស់អ៊ុយក្រែន ។
កាលពីនៅក្មេង អ្នកស្រី Shulha វ័យ ៤០ឆ្នាំ មានក្តីស្រមៃចង់ក្លាយជាអ្នកបើកបររថយន្តធំ ជំនួសឲ្យការលេងជាមួយកូនក្រមុំតុក្កតា ហើយឥឡូវ ក្តីស្រមៃមួយនេះ បានក្លាយជាការពិតហើយ ។
ស្របពេលដែលសង្រ្គាមជាមួយរុស្ស៊ី ធ្វើឲ្យជួបកង្វះខាតកម្លាំងការងារ ធុរកិច្ចមួយចំនួន បានព្យាយាមប៉ះប៉ូវកង្វះខាតធ្ងន់ធ្ងររបស់ពួកគេ ជាមួយនឹងការជួលបុគ្គលិកស្រ្តី យុវជន និស្សិត និងកម្មករវ័យចំណាស់ផ្សេងទៀត ។
ក្រុមអ្នកវិភាគនិយាយថា ពេលដែលមនុស្សរាប់លាននាក់ ភាគច្រើននៃពួកគេគឺជាស្រ្តី និងកុមារនៅបរទេស ក្រោយរត់ភៀសខ្លួនចេញពីសង្រ្គាម ហើយមនុស្សប្រុសរាប់ម៉ឺននាក់ទៀត ត្រូវបានកេណ្ឌឲ្យចូលបម្រើកងទ័ពនោះ វិបត្តិការងារ បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ច ហើយនិងការងើបឡើងវិញនៅក្រោយសង្រ្គាម ។
ទិន្នន័យពីធនាគារកណ្តាលអ៊ុយក្រែន បានបង្ហាញថា អ៊ុយក្រែន បានបាត់បង់កម្លាំងការងារជាង ១ភាគ ៤ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕



