នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអីរ៉ង់លោក Masoud Pezeshkian បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិក្រុង Erbil ហើយត្រូវបានស្វាគមន៍ដោយប្រធានាធិបតីតំបន់ Kurdistan លោក Nechirvan Barzani ស្ថិតក្នុងប្រទេសអ៊ីរ៉ាក់ ។

បន្ទាប់មក លោក Pezeshkian និងលោក Barzani បានធ្វើដំណើរទៅកាន់វិមានប្រធានាធិបតីស្ថិតក្នុងទីក្រុង Erbil ជាទីដែលពួកគេទទួលបានការស្វាគមន៍ពីនាយករដ្ឋមន្រ្តីតំបន់ Kurdistan លោក Masrour Barzani ។

ប្រធានាធិបតីអ៊ីរ៉ង់ និងគណៈប្រតិភូរបស់លោក មាននូវជំនួបជាមួយរដ្ឋាភិបាលតំបន់ Kurdistan នៅឯវិមានប្រធានាធិបតី ។
គួរឲ្យដឹងថា លោក Pezeshkian ដែលទើបត្រូវបានជ្រើសរើសជាប្រធានាធិបតីអីរ៉ង់កាលពីខែកក្កដាកន្លងទៅនោះ បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ាក់លោក Abdul Latif Rashid និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក al-Sudani នៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក ។

លោក Pezeshkian ស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក ដែលទីក្រុងតេអេរ៉ង់ និងទីក្រុងបាដាដ និយាយថា វានឹងរួមបញ្ចូលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន និងកិច្ចពិភាក្សាពីសង្រ្គាមហ្កាហ្សា ក៏ដូចជាស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ៕