រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា វេទិកាប្រជុំកោះប៉ាស៊ីហ្វិក ត្រូវបានវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត ដោយបានបង្ហាញពីការលួចចូលរបស់ចោរព័ត៌មានវិទ្យាដែលត្រូវបានរកឃើញ នៅមុនកិច្ចប្រជុំកំពូលដ៏មានហានិភ័យខ្ពស់ នាពេលថ្មីៗនេះ។
មេដឹកនាំមកពីប្លុកដែលមានសមាជិកចំនួន ១៨ប្រទេស បានធ្វើដំណើរទៅកាន់ប្រទេសតុងហ្គា ក្នុងខែសីហា សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ ដែលគ្របដណ្តប់ដោយការកើនឡើងនូវការប្រកួតប្រជែង នៅតំបន់ប៉ាស៊ីហ្វិក រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។
នៅមុនប៉ុន្មានខែមុន ដោយការរៀបចំយ៉ាងពេញទំហឹងត្រៀមសម្រាប់កិច្ចប្រជុំនេះ បុគ្គលិកបានកត់សម្គាល់ឃើញមានការលុកលុយចូលប្រព័ន្ធកុំព្យូទ័រ នៅទីស្នាក់ការកណ្តាលរបស់វេទិកា ក្នុងប្រទេសហ្វីជី។
អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា៖ «នូវែលសេឡង់ត្រូវបានសង្ខេបប្រាប់ អំពីការវាយប្រហារតាមអ៊ីនធឺណិតដែលប៉ះពាល់ដល់ប្រព័ន្ធលេខាធិការដ្ឋានវេទិកាប្រជុំកោះប៉ាស៊ីហ្វិក»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «យើងនៅតែព្រួយបារម្ភ ចំពោះការកើនឡើងនូវការវាយប្រហារតាមអ៊ីនធឺណិត នៅក្នុងតំបន់របស់យើង ដោយដាក់គោលដៅលើអង្គភាពជាតិ និងអង្គការ ក្នុងតំបន់»។
គេនៅមិនទាន់ច្បាស់ទេថា អ្នកណាជាអ្នកនៅពីក្រោយការលុកចូលនេះ ឬព័ត៌មានអ្វីដែលអាចត្រូវបានកំណត់គោលដៅនោះ៕