ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi និងសមភាគីអាល្លឺម៉ង់ ដែលកំពុងបំពេញទស្សនកិច្ចលោក Frank-Walter Steinmeier បានពិភាក្សាគ្នានៅទីនេះ កាលពីថ្ងៃពុធពីរបៀបធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ និងដោះស្រាយភាពតានតឹងក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអេហ្ស៊ីប លោកប្រធានាធិបតីទាំងពីរ បានធ្វើសន្និសិទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីកិច្ចពិភាក្សាបិទទ្វារ ដោយបានរៀបរាប់លម្អិតអំពីបញ្ហាសំខាន់ៗដែលត្រូវបានលើកឡើង ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ។
ដោយកត់សម្គាល់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក Steinmeier ដែលជាលើកទី១ ដោយប្រធានាធិបតីអាល្លឺម៉ង់ ទៅកាន់ប្រទេសអេហ្ស៊ីប ក្នុងរយៈពេល ២៥ ឆ្នាំ លោក Sisi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសរបស់លោក ទន្ទឹងរង់ចាំទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពឧស្សាហកម្ម និងបច្ចេកវិទ្យារបស់អាល្លឺម៉ង់ តាមរយៈគម្រោងរួមគ្នា។
ស្របពេលជាមួយគ្នានោះ លោក Steinmeier បានថ្លែងថា ប្រទេសអាល្លឺម៉ង់មានឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមួយចំនួនដូចជា ការវិនិយោគ ថាមពល អន្តោប្រវេសន៍ ការប្រឆាំងភេរវកម្ម វិទ្យាសាស្ត្រ និងវប្បធម៌។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីភាពតានតឹងនៅមជ្ឈិមបូព៌ា ជាពិសេសការវិវឌ្ឍនៅតំបន់ហ្កាហ្សាស្ទ្រីប។