បាល់ទាត់៖ ពេលវេលារបស់អ្នកចាត់ការ Ronald Koeman ដឹកនាំ Barcelona ទំនងជានឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ ស្របពេលដំណឹងលេចលឺថាក្លិបកំពុងស្វែងរកអ្នកចាត់ការថ្មី។ ដំណឹងនេះកើតឡើងបន្ទាប់ពី Barcelona តាមពីក្រោយបានស្មើក្នុងទឹកដីខ្លួនឯង ១-១ ពេលទទួលភ្ញៀវ Grenada។

ថ្វីបើមិនទាន់ចាញ់ក្នុងរដូវកាលនេះនៅក្របខណ្ឌអេស្ប៉ាញ La Liga, Barcelona កំពុងឈរលេខ៧ ក្នុងតារាងមាន ៨ពិន្ទុក្រោយឈ្នះ២ ស្មើ២ តែនៅក្របខណ្ឌអឺរ៉ុប UEFA Champions League បានរងបរាជ័យធ្ងន់ករក្នុងទឹកដីខ្លួនឯង ៣-០ ក្រោមថ្វីជើងក្រុមអាល្លឺម៉ង់ Bayern Munich។ សារព័ត៌មានអេស្ប៉ាញមួយបានចុះផ្សាយថា ការសំរេចចិត្តរបស់ថ្នាក់ដឹកនាំ Barcelona បានធ្វើឡើងរួចរាល់ហើយជុំវិញអនាគតរបស់លោក Ronald Koeman ខណៈការប្រកាសផ្លូវការនឹងធ្វើឡើងនៅពេលក្លិបរកបានអ្នកជំនួស។ Barcelona នឹងត្រូវលេងពីរប្រកួតទៀតក្នុងសប្តាហ៍នេះដែលរួមមានទៅទឹកដី Cadiz និងទទួល Levante មុនជួប Benfica នៅក្របខណ្ឌ UEFA Champions League ថ្ងៃពុធសប្តាហ៍ក្រោយ៕
អត្ថបទ៖នាង សុភាវុធ