នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃ បានបញ្ជូនកងកម្លាំងយោធាពិសេសទៅកាន់ខេត្តភាគខាងជើងឈៀងរ៉ៃ ក្រោយទឹកជំនន់ បានជន់លិចផ្ទះប្រជាពលរដ្ឋ ខណៈដែលក្រុមអាជ្ញាធរ ព្យាយាមទៅដល់ពួកគេ ដោយប្រើប្រាស់ទូក និងឧទ្ធម្ភាគចក្រ ។
ទឹកជំនន់នៅខេត្តឈៀងរ៉ៃ ចាប់ផ្តើមស្រកនៅតាមតំបន់មួយចំនួន ក្នុងស្រុក Mai Sai ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ប៉ុន្តែការតាំងលំនៅមួយចំនួននៅតាមដងទន្លេ នៅជន់លិចនៅឡើយ ។ នេះបើយោងតាមការអះអាងរបស់អភិបាលស្រុកលោក Narongpol Kid-an ។
លោក Narongpol និយាយថា ក្រុមអាជ្ញាធរក្នុងស្រុក បានប្រើប្រាស់ទូក និងឧទ្ធម្ភាគចក្រ ដោយមានការគាំទ្រពីកងកម្លាំងពិសេសនៃកងទ័ពជើងទឹកថៃ ដើម្បីចុះប្រតិបត្តិការជួយសង្រ្គោះ ។
យោងតាមការអះអាងរបស់រដ្ឋាភិបាលថៃ បានឲ្យដឹងថា មនុស្សយ៉ាងហោច ៣៣នាក់ បានស្លាប់នៅទូទាំងប្រទេស ចាប់តាំងពីពាក់កណ្តាលខែសីហារហូតមក ដោយសារឧបទ្ទេវហេតុជាច្រើនពាក់ព័ន្ធនឹងភ្លៀងធ្លាក់ រួមទាំងបំណាក់ដីផងដែរ ក្នុងនោះ មនុស្ស ៩នាក់ បានស្លាប់ក្នុងសប្តាហ៍នេះ នៅខេត្តចំនួន ២ដែលរងការវាយប្រហារពីអាកាសធាតុអាក្រក់ បង្កឡើងដោយសារព្យុះទីហ្វុង Yagi ៕



