ប្រមុខស្ថាប័នទទួលបន្ទុកគោលនយោបាយចិនជាន់ខ្ពស់របស់កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (ទី12 ខែកញ្ញា) នេះ បាននិយាយថា កោះដែលគ្រប់គ្រងដោយប្រជាធិបតេយ្យមួយនេះ នឹងមិនចុះញ៉មជាដាច់ខាត នៅចំពោះមុខការមានសម្ពាធលុកលុយកាន់តែខ្លាំងឡើងៗពីទីក្រុងប៉េកាំង។
ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងមិនច្រាលចោលជម្រើសប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះស្វ័យគ្រប់គ្រងនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ។ ហើយទីក្រុងប៉េកាំងបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើទីក្រុងតៃប៉ិ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានបញ្ជូនយន្តហោះចម្បាំង យានដ្រូន និងនាវាកងទ័ពជើងទឹកទៅជុំវិញកោះនេះស្ទើរតែរាល់ថ្ងៃ។
យ៉ាងណាក្ដី ប្រមុខក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោះស្រាយបញ្ហាទាក់ទងនឹងប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា៖ «ការប៉ុនប៉ងរបស់ទីក្រុងប៉េកាំងដើម្បីលុបបំបាត់អធិបតេយ្យភាពនៃសាធារណរដ្ឋចិន (កោះតៃវ៉ាន់) បានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅទូទាំងតំបន់»។
ក្នុងសុន្ទរកថាជាភាសាអង់គ្លេស នៅឯវេទិកាការពារកោះ ក្នុងទីក្រុងតៃប៉ិ លោក Chiu Chui-cheng បាននិយាយ ប៉ុន្តែដោយប្រឈមមុខនឹង «សម្ពាធដែលមិនធ្លាប់មានពីមុនមក ការប្តេជ្ញាចិត្តរបស់យើង ក្នុងការការពារអធិបតេយ្យភាព និងប្រព័ន្ធប្រជាធិបតេយ្យរបស់យើង មិនធ្លាប់មានភាពរឹងមាំខ្លាំងក្លាបែបនេះឡើយ»។
លោកសង្កត់ធ្ងន់ថា៖ «ត្រង់ចំណុចនេះ គ្មានឱកាសសម្រាប់ការសម្រុះសម្រួលនោះឡើយ។ យើងមិនដែលចុះញ៉មនឹងសម្ពាធដ៏ខ្លាំងក្លា និងកាន់តែខ្លាំងឡើងៗពីប្រទេសចិននោះទេ។ កោះតៃវ៉ាន់មិនដែលចុះចាញ់ឡើយ»៕