ដោយអៀវក្មេងៗពីក្រោយខ្នងរបស់ពួកគេ ឬដឹកមនុស្សចាស់ៗ តាមទូក និងក្បូនបណ្ដោះអាសន្នឆ្លងកាត់ទឹកដែលឡើងកាន់តែខ្ពស់ អ្នកស្រុកមីយ៉ាន់ម៉ារាប់ពាន់នាក់ នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) នេះ បានភៀសខ្លួនចេញពីទឹកជំនន់ធ្ងន់ធ្ងរបង្កឡើងដោយព្យុះទីហ្វុងដ៏អាក្រក់បំផុត Yagi។
ភ្លៀងធ្លាក់ខ្លាំងបានកើតមាននៅសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីព្យុះទីហ្វុង Yagi ដែលបានបោកបក់ចូលប្រទេសវៀតណាម កាលពីចុងសប្តាហ៍ ដោយបានបង្កឲ្យមានជាទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលឲ្យមានមនុស្សស្លាប់ នៅទូទាំងតំបន់ ។
ទឹកជំនន់បានធ្វើឲ្យទឹកទន្លេក្នុងប្រទេសនេះ ឡើងដល់កម្រិតគ្រោះថ្នាក់ ដោយបានកាត់ផ្តាច់ទំនាក់ទំនង និងផ្លូវរថភ្លើង រវាងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុង Yangon និងទីក្រុងទី២ Mandalay។
អ្នកជួយសង្គ្រោះមូលដ្ឋាន បានប្រាប់សារព័ត៌មាន AFP ថា នៅទីក្រុង Taungoo ចម្ងាយប្រហែល ២២០គីឡូម៉ែត្រពីទីក្រុង Yangon មនុស្សប្រហែល ៦០០នាក់ កំពុងជ្រកកោននៅក្នុងអគារសិក្សា បន្ទាប់ពីបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅជិតទន្លេ Sittaung ដែលទឹកហក់ឡើងកាន់តែខ្ពស់។
អ្នកជួយសង្គ្រោះរូបនោះ បានបន្ថែមថា អាជ្ញាធរបានបង្កើត «ជំរុំប្រហែល ៥០កន្លែង សម្រាប់ជនរងគ្រោះដោយទឹកជំនន់ប្រមាណជា ៧០.០០០នាក់ ដែលត្រូវបានរំពឹងទុកថា នឹងមាននៅជិតរដ្ឋធានី Naypyidaw តំបន់ Bago ហើយនិងនៅក្នុងរដ្ឋ Kayah Mon និង Shan។
គួរបញ្ជាក់ថា មកទល់ពេលនេះ មានមនុស្សមិនតិចជាង ២០០នាក់នោះទេ ដែលបានបាត់បង់ជីវិត នៅក្នុងប្រទេសវៀតណាម ឡាវ និងថៃ ដោយសារទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi នេះ៕


