ខណៈដែលកិច្ចប្រឹងប្រែងធ្វើឲ្យមានវឌ្ឍនភាពលើកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរពីក្រុមហាម៉ាស នៅតែជាប់គាំង ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់ក្រុមភេរវករថា «ព្យាយាមលាក់បាំងការពិត ដែលថា ខ្លួននៅតែបន្តប្រឆាំងនឹងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូ និងរារាំងមិនឲ្យសម្រេចបាន»។
សេចក្តីថ្លែងការណ៍នោះបានបន្តថា៖ «ទោះបីជាអ៊ីស្រាអែលបានទទួលយកសំណើស្វែងរកមូលដ្ឋានរួមចុងក្រោយ» ដែលសហរដ្ឋអាមេរិកបានលើកឡើងកាលពីថ្ងៃទី១៦ ខែសីហា ក៏ក្រុមហាម៉ាសបានបដិសេធ ហើយថែមទាំងបានសម្លាប់ចំណាប់ថ្នូររបស់យើងចំនួន ៦នាក់ ដោយឈាមត្រជាក់។ ពិភពលោកត្រូវតែទាមទារឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូររបស់យើងជាបន្ទាន់»។
កាលពីថ្ងៃអង្គារ (ទី១០ ខែកញ្ញា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា រូបមន្តថ្មី ដើម្បីឲ្យមានកិច្ចព្រមព្រៀងចំណាប់ថ្នូរ នឹងត្រូវបង្ហាញដល់អ៊ីស្រាអែល និងក្រុមហាម៉ាស់ «ក្នុងពេលឆាប់ៗនេះ»។
គេជឿថា មនុស្ស ៩៧នាក់ ក្នុងចំណោមចំណោមចំណាប់ថ្នូរ ២៥១នាក់ដែលត្រូវបានចាប់ដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ដោយរួមមានទាំងសពយ៉ាងហោចណាស់ ៣៣ នាក់ដែលត្រូវបានបញ្ជាក់ថា ស្លាប់ដោយ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល)។
គួរបញ្ជាក់ថា ក្រុមហាម៉ាសបានដោះលែងជនស៊ីវិល ១០៥នាក់ ក្នុងអំឡុងពេលមានបទឈប់បាញ់ ១សប្តាហ៍ កាលពីចុងខែវិច្ឆិកា ហើយចំណាប់ថ្នូរ ៤នាក់ត្រូវបានដោះលែងមុនពេលនោះ។ ចំណាប់ថ្នូរ ៨នាក់ត្រូវបានជួយសង្គ្រោះដោយកងទ័ព ហើយសពចំណាប់ថ្នូរ ៣៧នាក់ ក៏ត្រូវបានរកឃើញផងដែរ ក្នុងនោះរួមទាំង ៣នាក់ដែលត្រូវបានសម្លាប់ដោយច្រឡំ ពីសំណាក់យោធាអ៊ីស្រាអែល ខណៈដែលពួកគេព្យាយាមរត់គេចពីអ្នកឃុំខ្លួនពួកគេ៕