បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) ថាលោកនឹងមិនចូលរួមក្នុងការជជែកដេញដោលបេក្ខជនប្រធានាធិបតីមួយផ្សេងទៀតប្រឆាំងនឹងលោកស្រី Kamala Harris ឡើយនៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា បន្ទាប់ពីការស្ទង់មតិជាច្រើនបង្ហាញថា គូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោកបានឈ្នះការជជែកតស៊ូមតិរបស់ភាគីទាំងពីរកាលពីដើមសប្តាហ៍នេះ។

អតីតប្រធានាធិបតីរូបនេះបានបង្ហោះនៅលើបណ្ដាញសង្គម ទ្រូសសូសល (Truth Social) របស់ខ្លួនថា «នឹងមិនមានការជជែកដេញដោលលើកទីបីទេ!»។ គួររម្លឹកថា លោក Trump បានចូលរួមក្នុងការជជែកតទល់លើកទីមួយប្រឆាំងនឹងលោកប្រធានាធិបតី Joe Biden កាលពីខែមិថុនា ហើយលើកទីពីររបស់លោកគឺទល់នឹងលោកស្រី Harris កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ។

ទោះបីជាលោក Trump បានលើកសរសើរថាខ្លួនធ្វើបានល្អកាលពីថ្ងៃអង្គារនោះប្រឆាំងនឹងលោកស្រី Harris ក៏ដោយ ប៉ុន្តែម្ចាស់ជំនួយមកពីបក្សសាធារណរដ្ឋចំនួន ៦រូប និងទីប្រឹក្សាលោក Trump បីនាក់ដែលនិយាយទៅកាន់សារព័ត៌មានរ៉យទ័រកាលពីដើមសប្តាហ៍នេះបានលើកឡើងថា ពួកគេគិតថាលោកស្រី Harris បានឈ្នះការជជែកដេញដោលភាគច្រើនដោយសារតែលោក Trump មិនអាចបន្តឈរលើប្រធានបទ។ យោងតាមទិន្នន័យរបស់ស្ថាប័នស្រាវជ្រាវ នីលសិន (Nielsen) បង្ហាញថា ព្រឹត្តិការណ៍ជជែកពិភាក្សានេះបានទាក់ទាញអ្នកទស្សនាតាមទូរទស្សន៍ចំនួន ៦៧,១លាននាក់។
លោកស្រី Harris បាននិយាយនៅឯការជួបជុំមួយភ្លាមៗបន្ទាប់ពីសារបង្ហោះរបស់លោក Trump ថា «យើងជឿថាអ្នកបោះឆ្នោតចង់ឱ្យមានការជជែកតទល់មួយផ្សេងទៀត»។ ខណៈពេលដែលលោក Trump បានអះអាងនៅក្នុងសារបង្ហោះរបស់ខ្លួនថាការស្ទង់មតិបង្ហាញថាលោកបានឈ្នះការជជែកដេញដោលនោះ ការស្ទង់មតិជាច្រើនបានបង្ហាញថាអ្នកឆ្លើយតបគិតថាលោកស្រី Harris ធ្វើបានល្អជាង៕