ចៅក្រមរដ្ឋ ចចា (Georgia) កាលពីថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) បានច្រានចោលការចោទប្រកាន់បទព្រហ្មទណ្ឌចំនួន ២ករណីនៅក្នុងបណ្ដឹងជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ២០២០ របស់រដ្ឋសហរដ្ឋអាមេរិកប្រឆាំងនឹងបេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ លោក Donald Trump និងមួយករណីទៀតប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីរូបនេះ។

លោកចៅក្រម ស្កុត មែកអាហ្វី (Scott McAfee) តំបន់ ហ្វូលថុន (Fulton County) បានរកឃើញថា ក្រុមរដ្ឋអាជ្ញារបស់រដ្ឋមិនមានសិទ្ធិអំណាចក្នុងការនាំយកករណីទាំងនោះទៅក្នុងតុលាការទេ ដែលទាក់ទងនឹងការចោទប្រកាន់ពីបទដាក់ឯកសារមិនពិតក្នុងតុលាការសហព័ន្ធ។

លោក McAfee បានអនុញ្ញាតឱ្យសំណុំរឿងដែលនៅសល់បន្តទៅមុខ រួមទាំងការចោទប្រកាន់ចំនួន ៨ករណីប្រឆាំងនឹងលោក Trump ។ គួរបញ្ជាក់ថា លោក Trump និងសហចុងចោទចំនួន ១៤នាក់បានផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទនៃឧក្រិដ្ឋកម្មគ្រោងទុក និងករណីផ្សេងទៀតដែលកើតចេញពីអ្វីដែលរដ្ឋអាជ្ញាចោទប្រកាន់ថាជាគ្រោងការណ៍បង្វែរលទ្ធផលឆ្នោតរបស់លោក Trump នៅរដ្ឋ Georgia ក្នុងការបោះឆ្នោតឆ្នាំ២០២០។
សំណុំរឿងនេះត្រូវបានផ្អាកតាំងតែពីខែមិថុនា ខណៈតុលាការឧទ្ធរណ៍រដ្ឋ Georgia ពិចារណាថាតើរដ្ឋអាជ្ញាដឹកនាំបណ្ដឹងគឺមេធាវីតំបន់ Fulton County លោកស្រី ហ្វានី វីលលីស (Fani Willis) គួរតែត្រូវបានដកហូតសិទ្ធិឬយ៉ាងណា ដោយសារមានការចោទប្រកាន់ពីភាពមិនត្រឹមត្រូវទាក់ទងនឹងទំនាក់ទំនងស្នេហាដែលលោកស្រីមានជាមួយអតីតអនុប្រធានជាន់ខ្ពស់ម្នាក់។
ទឡ្ហីករណ៍នៅក្នុងសាលាឧទ្ធរណ៍ត្រូវបានកំណត់ពេលក្នុងខែធ្នូ ដែលមានន័យថាសំណុំរឿងនឹងមិនដំណើរការមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកាឡើយ នៅពេលដែលលោក Trump ប្រឈមមុខនឹងអនុប្រធានគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris៕