រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំចិនលោក Xi Jinping នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅខែក្រោយសម្រាប់កិច្ចប្រជុំកំពូលប្លុកសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ BRICS ។

ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ប្រទេសរុស្ស៊ី នឹងក្លាយជាលើកទីពីររបស់លោកចាប់តាំងពីវិមានក្រឹមឡាំងបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២។ ប្រទេសចិនបានអះអាងប្រកាន់ជំហរអព្យាក្រឹតក្នុងជម្លោះ ហើយគាំទ្រការលើកឡើងរបស់វិមានក្រឹមឡាំងដែលថា សកម្មភាពរបស់រុស្ស៊ី ត្រូវបានដុតបញ្ឆេះឡើងដោយបណ្ដាប្រទេសលោកខាងលិច ។

ប្រមុខការទូតចិនលោក Wang Yi បានជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅទីក្រុង សេន ភីធើស្បើក(St. Petersburg) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយលោកទាំងពីរបានសាទរចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះបាននិយាយថា លោក Xi បានទទួលយកដោយរីករាយនូវការអញ្ជើញរបស់លោក Putin ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង កាហ្សាន (Kazan) ប្រទេសរុស្ស៊ីក្នុងខែតុលាខាងមុខ។
លោក Putin បានប្រកាសថា មេដឹកនាំទាំងពីរក៏នឹងអង្គុយទល់មុខគ្នាសម្រាប់កិច្ចប្រជុំទ្វេភាគីនៅទីក្រុង Kazan ផងដែរ និងពិភាក្សាអំពីទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនងរុស្ស៊ី-ចិន ដែលកំពុងអភិវឌ្ឍយ៉ាងជោគជ័យ និងគ្រប់ទិសដៅ ខណៈក្រុងមូស្គូ និងប៉េកាំងព្យាយាមទប់ទល់ឥទ្ធិពលសកលរបស់លោកខាងលិច ៕