រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា អះអាងថា ដណ្តើមបានយកមកវិញដែនដីមួយផ្នែកនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់ខ្លួន ជាកន្លែងដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទទួលស្គាល់ថា កងទ័ពរបស់ទីក្រុងមូស្គូ កំពុងបង្កើនការវាយលុកប្រឆាំង។

ទីក្រុងគីវ បានចាប់ផ្តើមការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី កាលពីថ្ងៃទី៦ ខែសីហា ដោយបានរុលចូលជាច្រើនគីឡូម៉ែត្រ ទៅក្នុងទឹកដីរបស់រុស្ស៊ី និងបានដណ្តើមយកទីតាំងទីលំនៅរាប់សិបកន្លែង។
រុស្ស៊ី បាននិយាយដោយទទូចតាំងពីដើមដំបូងថា ខ្លួននឹងបណ្តេញកងទ័ពអ៊ុយក្រែនចេញពីតំបន់នេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្លួនទំនងជាដើរថយក្រោយ ដោយមានការឆ្លើយតបបែបមនុស្សធម៌ និងជម្លៀសប្រជាជនប្រហែល ១៥០.០០០នាក់។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា អង្គភាពនៃក្រុមទាហានភាគខាងជើង រំដោះបានទីតាំងទីលំនៅចំនួន១០កន្លែង ក្នុងរយៈពេលពីរថ្ងៃ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគីវ លោក Zelenskyy បាននិយាយថា រុស្សី បានចាប់ផ្តើមសកម្មភាពវាយលុកប្រឆាំង។ លោកពុំបានផ្តល់ព័ត៌មានលម្អិតអំពីទំហំនៃប្រតិបត្តិការរបស់រុស្ស៊ីនោះទេ ប៉ុន្តែបាននិយាយថា ការវាយលុកនេះនៅតែ «មាននៅក្នុងផែនការរបស់អ៊ុយក្រែន»។
មេបញ្ជាការអ៊ុយក្រែន លោក Oleksandr Syrsky បាននិយាយកាលពីចុងខែសីហាថា ទីក្រុងគីវ ដណ្តើមយកបានទីតាំងទីលំនៅចំនួន១០០កន្លែង និងមានទំហំជិត ១.៣០០ គីឡូម៉ែត្រក្រឡានៃទឹកដីរុស្ស៊ី។
ទីក្រុងគីវ និយាយថា ខ្លួនពុំមានបំណងដាក់បញ្ចូលឧបសម្ព័ន្ធផ្នែកខ្លះរបស់រុស្ស៊ី ដូចដែលទីក្រុងមូស្គូបានធ្វើនៅភាគខាងកើតអ៊ុយក្រែននោះទេ ប៉ុន្តែសង្ឃឹមថា ខ្លួនអាចបង្ខំសត្រូវរបស់ខ្លួនឱ្យបង្វែរកងទ័ព និងអាចជាការចរចាដ៏មានឥទ្ធិពលណាមួយ។