តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) បានបដិសេធមិនជ្រៀតជ្រែកលើការសម្រេចរបស់តុលាការជាន់ទាប ក្នុងការបន្តទុកសំណុំរឿងព្រហ្មទណ្ឌដែលសម្រេចរួចហើយរបស់លោក Donald Trump នៅក្នុងតុលាការរដ្ឋ ជុំវិញការបង់ប្រាក់បំបិទមាត់ឱ្យតារាអាសអាភាសម្នាក់ ដោយជាការវាយប្រហារមួយទៀតលើកិច្ចប្រឹងប្រែងរបស់អតីតប្រធានាធិបតីអាមេរិករូបនេះក្នុងការផ្ទេរសំណុំរឿងទៅតុលាការសហព័ន្ធ។

នៅថ្ងៃទី២៩ ខែសីហា ជិតបីខែបន្ទាប់ពីសាលក្រមមានទោសក្នុងការកាត់ក្តីព្រហ្មទណ្ឌលើកដំបូងដែលមិនធ្លាប់មានរបស់ប្រធានាធិបតីអាមេរិក លោក Trump បានស្នើសុំឱ្យចៅក្រមតំបន់ លោក អាល់វីន ហេឡឺស្តេន (Alvin Hellerstein) ផ្ទេរសំណុំរឿងនេះពីតុលាការរដ្ឋញូវយ៉ក ក្នុងទីក្រុង មែនហាតថាន់ (Manhattan) ទៅកាន់តុលាការសហព័ន្ធ ដោយសំអាងថាការកាត់ក្តីនេះបានបំពានសិទ្ធិរដ្ឋធម្មនុញ្ញរបស់លោក។

លោក Trump ដែលជាបេក្ខភាពប្រធានាធិបតីមកពីបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា បាននិយាយថា ប្រសិនបើសំណុំរឿងនេះត្រូវបានផ្ទេរ នោះលោកនឹងស្នើសុំឱ្យតុលាការសហព័ន្ធលុបវាចោលទាំងស្រុង ពីព្រោះចៅក្រមនៅក្នុងសវនាការសហព័ន្ធបានមើលឃើញភស្តុតាងនៃទង្វើផ្លូវការរបស់លោកក្នុងនាមជាប្រធានាធិបតី។
លោក Trump បន្ថែមថា សាលក្រមមានទោសរបស់លោកបានរំលោភលើសេចក្តីសម្រេចដ៏សំខាន់របស់តុលាការកំពូល ដែលរកឃើញថាប្រធានាធិបតីមានអភ័យឯកសិទ្ធិទូលំទូលាយពីការកាត់ទោសចំពោះទង្វើផ្លូវការ។ លោក Hellerstein បានបដិសេធសំណើនោះកាលពីថ្ងៃទី០៣ ខែកញ្ញា ដោយបានរកឃើញថាករណីនេះទាក់ទងនឹង “សកម្មភាពឯកជន និងក្រៅផ្លូវការ នៅខាងក្រៅព្រំដែននៃអាជ្ញាធរប្រតិបត្តិ” ប៉ុណ្ណោះ៕