កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ឫហៅកាត់ជាភាសារអង់គ្លេស (GMS) បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាននៃមហាអនុតំបន់មេគង្គ និងលោកជំទាវ ហ្វាធិម៉ា យ៉ាស្មិន (Fatima Yasmin) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកខាងវិស័យនិងផ្នែក ព្រមទាំងមានការចូលរួមពីគណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាន នៃបណ្តាប្រទេសជាសមាជិកនៃមហាអនុតំបន់មេគង្គ ចំនួន៦ ប្រទេសរួមមាន៖ ប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។
មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កិច្ចប្រជុំ GMS គឺជាវេទិកាកម្រិតខ្ពស់ដែលរដ្ឋមន្ត្រីបរិស្ថានមកពីបណ្តាប្រទេស GMS មករួមគ្នាដើម្បីពិភាក្សា និងសម្របសម្រួលយុទ្ធសាស្ត្រ និងគោលនយោបាយបរិស្ថានក្នុងតំបន់។
ឯកឧត្តមបន្តថា ចាប់តាំងពីឆ្នាំ២០០៦ កិច្ចប្រជុំ GMS ដែលមានការគាំទ្រពីធនាគារADB និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត បានចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសនៅក្នុងតំបន់មេគង្គ។ហើយបណ្ដាប្រទេសនៅក្នុងតំបន់ទាំងអស់បានធ្វើការងារជាច្រើន ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំ GMS រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបរិស្ថាននៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ។រៀងរាល់បីឆ្នាំម្តង រដ្ឋមន្ត្រីបរិស្ថានមកពីប្រទេស GMS ចំនួនប្រាំមួយជួបប្រជុំគ្នាដើម្បីពិនិត្យមើលវឌ្ឍនភាព និងកំណត់របៀបវារៈសម្រាប់កិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ។
សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានលើកទី៦ ដែលប្រទេសជាម្ចាស់នៅឆ្នាំ២០២៤នេះ ត្រូវបានគេរំពឹងថា នឹងអនុម័តនូវឯកសារសំខាន់ចំនួន២ គឺ ៖១.ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS 2030 សម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងចីរភាពបរិស្ថាន និង២.សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិកនៅក្នុងGMS៕ អត្ថបទ៖ទូច សោភ័ណ








