លោកស្រីអនុប្រធានាធិបតី Harris បានពង្រីកការនាំមុខលើអតីតប្រធានាធិបតីលោកTrump បន្ទាប់ពីការពិភាក្សាដេញដោលប្រធានាធិបតីកាលពីរាត្រីថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងការស្ទង់មតិថ្មីរបស់សារព័ត៌មាន Reuters និងស្ថាប័នតាមដានការបោះឆ្នោតអាមេរិក Ipsos ។

ការស្ទង់មតិធ្វើឡើងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកញ្ញា បានរកឃើញថាលោកស្រី Harris កើនឡើង ៥ ពិន្ទុលើសលោក Trump ដោយលោកស្រី Harris ទទួលបានការគាំទ្រ ៤៧ % ទល់នឹងលោក Trump ៤២% ។ការស្ទង់មតិរបស់ Reuters/Ipsos មួយផ្សេងទៀតដែលបានកើតឡើងកាលពីចុងខែមុនបានរកឃើញថា Harris ទទួលបានការគាំទ្រ៤៥%ធៀបនឹងលោកTrump ៤១ ក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ។

លោកស្រី Harris ត្រូវបានមនុស្សជាច្រើនមើលឃើញថាទទួលបានជោគជ័យក្នុងការពិភាក្សាដេញដោលកាលពីថ្ងៃអង្គារ ដោយ៦៣%នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិមួយបាននិយាយថា អនុប្រធានាធិបតីធ្វើបានល្អជាងនៅលើវេទិកា ខណៈមានតែប្រហែល ៣៧% ប៉ុណ្ណោះដែលនិយាយថាលោកTrumpធ្វើបានល្អដូចគ្នា។
ការស្ទង់មតិរបស់ Reuters/Ipsos បានរកឃើញថា អនុប្រធានាធិបតីឈរលើកំពូលតារាងក្នុងការជជែកដេញដោលនាពេលថ្មីៗនេះ ដោយមានអ្នកបោះឆ្នោតចំនួន ៥៣ %ដែលបាននិយាយថាពួកគេបានឮអំពីការជជែកដេញដោលជ្រើសរើសលោកស្រីជាអ្នកឈ្នះ។ មានតែ២៤%នៃក្រុមនេះដែលជ្រើសរើសអតីតប្រធានាធិបតីជាអ្នកឈ្នះក្នុងការជជែកដេញដោលនោះ៕