
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលរយៈពេល ២សប្ដាហ៍ទៀត នៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចចេញនៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តហាមឃាត់ដំណើរការសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ចំពោះការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩សម្រាប់រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៤ ខែកញ្ញានេះ រហូតដល់ថ្ងៃទី០៧ ខែតុលាខាងមុខ។
រដ្ឋបាលរាជធានីភ្នំពេញក៏បន្តហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនផងដែរនៅក្នុងរយៈពេល ២សប្ដាហ៍ខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការបន្តដាក់ចេញវិធានការរដ្ឋបាលនេះ គឺដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីកដាលនៃមេរោគកូវីដ-១៩នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតែម្ដង។
អាជ្ញាធររាជធានីភ្នំពេញ បានអនុវត្តវិធានការរដ្ឋបាលអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែរាជធានីភ្នំពេញប្រឈមនឹងការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក៕


