តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក ចូសិប បូរ៉ែល (Josep Borrell) កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យប្រទេសលីបង់ និងអ៊ីស្រា អែល បញ្ឈប់ការប្រឈមមុខដាក់គ្នា នៅតាមព្រំដែនរបស់ពួកគេ និងបន្តការបន្ធូរបន្ថយភាពតានតឹង។

លោក បូរ៉ែល ត្រូវបានដកស្រង់សម្តី ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសលីបង់ថា៖«យើងត្រូវការបន្ថយភាពតានតឹងផ្នែកយោធា ហើយខ្ញុំប្រើឱកាសនេះ ដើម្បីជំរុញភាគីទាំងអស់ ឲ្យដើរតាមផ្លូវនេះ»។

យោងតាមសេចក្តីថ្លែងការណ៍ លោក បូរ៉ែល បានធ្វើការអត្ថាធិប្បាយ បន្ទាប់ពីកិច្ចប្រជុំរបស់លោក នៅក្នុងប្រទេសលីបង់ជាមួយរដ្ឋមន្ត្រីការបរទេសលីបង់លោក អាប់ដាឡា ប៊ូ ហាប៊ីប (Abdallah Bou Habib)។
លោក បូរ៉ែល បាននិយាយថា៖«ខ្ញុំជំរុញឲ្យមេដឹកនាំលីបង់ទាំងអស់ ធ្វើការរួមគ្នាដើម្បីផលប្រយោជន៍របស់ប្រទេសលីបង់ និងរដ្ឋលីបង់ ហើយគ្មាននរណាម្នាក់ផ្សេងទៀត»។
លោកក៏បានអំពាវនាវឲ្យមានការអនុវត្តពេញលេញ និងស្មើភាពគ្នានៃសេចក្តីសម្រេចលេខ ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែល «គួរតែត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយគ្រប់ជ្រុងជ្រោយ រួមទាំងការបោះបង្គោលព្រំដែនគោក អនុញ្ញាតឲ្យប្រជាជនវិលត្រឡប់មកផ្ទះសម្បែងវិញ និងការងារកសាងឡើងវិញ នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់»។