ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា អ៊ីរ៉ង់បានកោះអញ្ជើញប្រមុខបេសកកម្មការទូតរបស់ចក្រភពអង់គ្លេស បារាំង ហូឡង់ និងអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលរបស់ពួកគេអំពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងតេអេរ៉ង់ ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះ។

លោក ម៉ាជីដ នីលី អាម៉ាដាហាឌី (Majid Nili Ahmadabadi) ប្រធាននៃបណ្តាប្រទេសអឺរ៉ុបខាងលិចនៅក្រសួងការបរទេសអ៊ីរ៉ង់ បានជួបដាច់ដោយឡែកជាមួយបេសកជន ដោយថ្កោលទោសចំពោះអ្វីដែលលោកហៅថា ជា«យុទ្ធនាការឃោសនា» និង «សកម្មភាពដ៏បំផ្លិចបំផ្លាញ» ប្រឆាំងនឹងអ៊ីរ៉ង់។
ចំណាត់ការការទូតនេះ បានធ្វើឡើង បន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់កាលពីថ្ងៃអង្គារ ដែលបានចោទប្រកាន់អ៊ីរ៉ង់ថា បាននាំចេញមីស៊ីលទៅរុស្ស៊ីសម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍នោះ ក៏បានប្រកាសអំពីផែនការលុបចោលកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសទ្វេភាគី និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ង់គឺ Iran Air។
លោក អាម៉ាដាហាឌី បានបដិសេធការចោទប្រកាន់នេះ ដោយបានហៅ ការអះអាងអំពីការលក់មីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ ទៅឲ្យប្រទេសរុស្ស៊ីថា «គ្មានមូលដ្ឋាននិងមិនពិត»។ លោកបានរិះគន់ប្រទេសលោកខាងលិចចំពោះការលក់អាវុធទៅឲ្យប្រទេសផ្សេងទៀត រួមទាំងអ៊ីស្រាអែលផងដែរ ដោយនិយាយថា ពួកគេ គួរតែទទួលខុសត្រូវចំពោះគោលនយោបាយរបស់ពួកគេ។