យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបាន «កម្ទេច» កងពលតូចរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង។
យោធា បាននិយាយថា កងទ័ពរបស់ខ្លួន បានសម្លាប់ «ជនសកម្មប្រយុទ្ធ» ជាង ២.០០០នាក់ នៅក្នុងទីក្រុងរ៉ាហ្វា រួមទាំងលោក ម៉ាខ្មូដ ហាមដាន ( Mahmoud Hamdan) មេបញ្ជាការកងវរសេនាតូច Tel al-Sultan របស់ក្រុមហាម៉ាស នៅក្នុងទីក្រុងនេះ។

យោធាអ៊ីស្រាអែល បានបន្ថែមថា ប្រតិបត្តិការរបស់ខ្លួន បានបំផ្លាញផ្លូវរូងក្រោមដីប្រហែល ១៣ គីឡូម៉ែត្រ ដែលកប់នៅក្រោមទីក្រុងរ៉ាហ្វា និងប្រហែល ៨០ភាគរយនៃផ្លូវរូងក្រោមដី នៅតាមបណ្តោយផ្លូវនៃច្រករបៀងហ្វីឡាដែលហ្វៀ ( Philadelphia) នៅតាមព្រំដែនហ្កាហ្សា-អេហ្ស៊ីប។
ចាប់តាំងពីខែឧសភា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការតាមផ្លូវគោកទ្រង់ទ្រាយធំ នៅទីក្រុងរ៉ាហ្វា ដែលត្រូវបានគេកំណត់ថា ជា «តំបន់សុវត្ថិភាព»នៅពេលចាប់ផ្តើមជម្លោះហ្កាហ្សា។ យោធា បាននិយាយថា ក្នុងអំឡុងពេលប្រតិបត្តិការនេះ កងទ័ព បានដណ្តើមគ្រប់គ្រងព្រំដែនជាមួយអេហ្ស៊ីប ដោយបិទផ្លូវជម្លៀសតែមួយគត់សម្រាប់ជនស៊ីវិល និង «បានកម្ទេចកងពលតូចរ៉ាហ្វា»។
អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ អំឡុងពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៥០នាក់។