មហាសេដ្ឋីអាមេរិក និងជាសហគ្រិនឆ្នើម លោក Elon Musk បានព្រមានអំពីការគំរាមកំហែងនៃសង្គ្រាមលោកលើកទី៣ ក្នុងករណីដែលសហរដ្ឋអាមេរិក ធ្វើការសម្រេចចិត្តជាវិជ្ជមានលើការប្រើប្រាស់អាវុធរបស់លោកខាងលិចដោយរបបទីក្រុងគីវ ដើម្បីផ្តល់ការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ីនោះ។

លោក បានសរសេរនៅលើបណ្តាញសង្គម X ដោយអត្ថាធិប្បាយលើការបង្ហោះរបស់អ្នកជាវម្នាក់អំពីបញ្ហានេះថា៖«នេះ គឺជាជំហានមួយ ក្នុងទិសដៅនោះយ៉ាងពិតប្រាកដ»។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ រីបកូវ (Sergey Ryabkov) បាននិយាយថា ចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអនុញ្ញាតឲ្យទីក្រុងគីវ ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន សម្រាប់ការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ី គឺជាជំហានមួយទៀត ក្នុងការបង្កើនជម្លោះនេះ។
មុននេះ សារព័ត៌មាន The Times បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) និងប្រមុខការទូតរបស់ចក្រភពអង់គ្លេស លោក ដេវីត ឡាមមី (David Lammy) ដែលបានមកដល់ទីក្រុងគីវ គ្រោងនឹងពិភាក្សាអំពីការប្រើប្រាស់សក្តានុពលដោយអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចសម្រាប់ការវាយប្រហារលើទឹកដីរុស្ស៊ី។ ចំណែកសារព័ត៌មាន Bloomberg បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន មានគម្រោងធ្វើការសម្រេចចិត្តលើបញ្ហានេះ។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) លោក វីល្លៀម ប៊ឺនស៍ ( William Burns) ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក អាចនឹងពិចារណាឡើងវិញនូវជំហររបស់ខ្លួនលើបញ្ហានេះ។