រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) បាននិយាយនៅថ្ងៃសុក្រ (១៣ កញ្ញា) នេះថា ប្រទេសចិន នឹងពង្រឹងទំនាក់ទំនងយោធាជាមួយបណ្ដាប្រទេសជិតខាង ហើយបណ្ដាប្រទេសធំៗត្រូវតែនាំមុខក្នុងការការពារសន្តិសុខពិភពលោក។

លោក Dong បានលើកឡើងបែបនេះនៅក្នុងសុន្ទរកថាសំខាន់មួយទៅកាន់វេទិកាការពារជាតិ ស៊ាំងសាន (Xiangshan) ក្នុងទីក្រុងប៉េកាំង ដែលជាព្រឹត្តិការណ៍ការទូតយោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់ចិន។ រដ្ឋមន្ត្រីការពារជាតិរូបនេះបាននិយាយថា «បណ្ដាប្រទេសធំៗត្រូវតែនាំមុខក្នុងការការពារសន្តិសុខពិភពលោក បោះបង់ចោលនូវផ្នត់គំនិតយកចាញ់យកឈ្នះ ហើយចៀសវាងការគំរាមកំហែងអ្នកតូច និងអ្នកទន់ខ្សោយ»។

លោកបន្តថា នៅក្នុងពិភពលោកពហុប៉ូល «ពុំមាននរណាម្នាក់គួរធ្វើជាអ្នកក្រៅបក្សសម្ព័ន្ធ ឬអ្នកអង្គុយស្ងៀមរង់ចាំមើលនោះទេ»។ លោក Dong បន្ថែមថា «ប្រទេសមិនថាធំ ឬតូច អភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍ គួរតែមានសិទ្ធិស្មើគ្នាក្នុងការចូលរួមក្នុងកិច្ចការអន្តរជាតិ និងសម្ដែងនូវតម្រូវការរបស់ពួកគេ និងរក្សាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។
ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិចិនរូបនេះធ្វើឡើងនៅពេលដែលទំនាក់ទំនងមានភាពប្រសើរឡើងរវាងយោធាអាមេរិក និងចិន បើទោះបីជាមានភាពតានតឹងកាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូង ក្តីបារម្ភរបស់កោះតៃវ៉ាន់ និងក្រុងវ៉ាស៊ីនតោន ចំពោះទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងប៉េកាំង ជាមួយរុស្ស៊ីក៏ដោយ។
សូមបញ្ជាក់ថា វេទិកាការពារជាតិ ស៊ាំងសាន ដែលរៀបចំយ៉ាងប្រុងប្រយ័ត្ននេះ មានតំណាងមកពីប្រទេស និងអង្គការអន្តរជាតិចំនួន៩០ ចូលរួម ហើយធ្វឡើងរយៈពេលបីថ្ងៃដែលនឹងបញ្ចប់នៅថ្ងៃសៅរ៍ (១៤ កញ្ញា) សប្ដាហ៍នេះ៕