ទ្វីបអាមេរិកខាងត្បូង កំពុងរងការបំផ្លិចបំផ្លាញដោយចំហេះព្រៃដ៏ខ្លាំងក្លា រាប់ចាប់ពីព្រៃអាម៉ាហ្សូនរបស់ប្រេស៊ីលកាត់តាមតំបន់ដីសើមដ៏ធំបំផុតរបស់ពិភពលោក ទៅដល់តំបន់ព្រៃស្ងួតនៅបូលីវី ដោយបំបែកកំណត់ត្រាពីមុនសម្រាប់ចំនួនចំហេះដែលបានឃើញក្នុងពេលមួយឆ្នាំរហូតដល់ថ្ងៃទី១១ ខែកញ្ញា។

ទិន្នន័យផ្កាយរណបដែលបានវិភាគដោយទីភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីល អ៊ិនប៉េ (Inpe) បានកត់ត្រាចំណុចចំហេះចំនួន ៣៤៦,១១២កន្លែងរហូតមកដល់ពេលនេះនៅក្នុងបណ្តាប្រទេសទាំង១៣ នៃទ្វីបអាមេរិកខាងត្បូង ដោយលើសកំណត់ត្រាដើមឆ្នាំ២០០៧ ដែលមានចំនួន ៣៤៥,៣២២កន្លែង នៅក្នុងស៊េរីទិន្នន័យឆ្នាំ១៩៩៨។

ផ្សែងដ៏ខ្មួលខ្មាញ់ដែលហុយចេញពីចំហេះនៅប្រេស៊ីល បានគ្របដណ្ដប់លើទីក្រុងជាច្រើនដូចជាក្រុង សៅប៉ូឡូ (Sao Paulo) ដោយផ្សែងចំហេះដែលមើលឃើញពីលំហអាកាសលាតសន្ធឹងតាមអង្កត់ទ្រូងឆ្លងកាត់ទ្វីបពីប្រទេសកូឡុំប៊ី នៅភាគពាយព្យ ទៅដល់អ៊ុយរូហ្គាយ នៅភាគអាគ្នេយ៍។

ប្រេស៊ីល និងបូលីវី បានបញ្ជូនក្រុមពន្លត់អគ្គិភ័យរាប់ពាន់នាក់ដើម្បីព្យាយាមគ្រប់គ្រងចំហេះ ប៉ុន្តែអណ្ដាតភ្លើងភាគច្រើននៅតែបន្តឆាបឆេះដោយសារអាកាសធាតុដ៏អាក្រក់។ អ្នកវិទ្យាសាស្ត្រនិយាយថា ខណៈពេលដែលចំហេះភាគច្រើនត្រូវបញ្ឆេះដោយមនុស្ស ប៉ុន្តែស្ថានភាពក្តៅ និងស្ងួតនាពេលថ្មីៗនេះ ដែលជំរុញដោយបម្រែបម្រួលអាកាសធាតុ កំពុងជួយឱ្យអណ្ដាតភ្លើងរីករាលដាលកាន់តែលឿន។ អាមេរិកខាងត្បូង បានរងគ្រោះដោយរលកកម្ដៅជាបន្តបន្ទាប់តាំងពីឆ្នាំមុនមក៕