ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានប្តេជ្ញា កាលពីថ្ងៃព្រហស្បតិ៍ថា នឹងការពារប្រទេស ប្រឆាំងរាល់ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅពេលអនាគត ក្នុងពេលប្រារព្ធខួបលើកទី៤៤នៃការកាន់កាប់របស់យោធា ដែលបានបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រាលជ្រៅលើសង្គមនិងនយោបាយរបស់ប្រទេសទួរគី។
លោក Erdogan បានប្រកាសនៅក្នុងសារមួយលើបណ្តាញផ្សព្វផ្សាយសង្គមថា «យើងនឹងមិនបំភ្លេចរដ្ឋប្រហារយោធានៅថ្ងៃទី១២ ខែកញ្ញានោះទេ» ដោយបាននិយាយសំដៅទៅលើអន្តរាគមន៍ឆ្នាំ១៩៨០ ដែលបានមើលឃើញ «មនុស្សរាប់ម៉ឺននាក់» ត្រូវបានចាប់ខ្លួន។ លោក បានសន្យាថានឹងមានវិធានការប្រុងប្រយ័ត្នជាមុនតាមដែលអាចធ្វើទៅបានទាំងអស់ ដើម្បីការពារប្រទេសទួរគី ពីការវាយលុកស្រដៀងគ្នានោះទៅលើស្ថាប័នលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។
សេចក្តីថ្លែងការណ៍នេះ បានលើកបង្ហាញពីប្រវត្តិសាស្រ្តដ៏ច្របូកច្របល់របស់ប្រទេសទួរគី ជាមួយនឹងអន្តរាគមន៍យោធា ដែលបានធ្វើឲ្យការគ្រប់គ្រងបែបស៊ីវិលដើរថយក្រោយម្តងម្កាលតាមពេលវេលា។ ចាប់តាំងពីឆ្នាំ១៩៦០ ប្រទេសនេះ បានទទួលរងនូវរដ្ឋប្រហារដោយ «ជោគជ័យ» ចំនួនបួនលើក និងការប៉ុនប៉ងជាច្រើនបន្ថែមទៀត។
រដ្ឋប្រហារឆ្នាំ១៩៨០ បានឃើញកងកម្លាំងប្រដាប់អាវុធរំលាយសភា លុបចោលរដ្ឋធម្មនុញ្ញ និងដាក់ឲ្យនៅក្រៅច្បាប់គណបក្សនយោបាយ។ លោក Erdogan បានថ្លែងថា មនុស្សរាប់ម៉ឺននាក់ ត្រូវបានឃុំខ្លួន ហើយរាប់ពាន់នាក់ ត្រូវបានកាត់ទោសប្រហារជីវិត។ ស្ទើរតែគ្រប់ក្រុមគ្រួសារ បានរងផលប៉ះពាល់ ហើយលទ្ធិប្រជាធិបតេយ្យត្រូវបានផ្អាក។
លោក Erdogan ដែលបានរួចផុតពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយហិង្សាក្នុងឆ្នាំ២០១៦ បណ្តាលឱ្យមនុស្សប្រហែល២៥០នាក់បានស្លាប់ ចាប់តាំងពីពេលនោះមក បានចាប់ខ្លួនជាញឹកញាប់នូវបុគ្គលទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារ។ រដ្ឋបាលរបស់លោក ការពារយុទ្ធនាការនេះ ថាជាការចាំបាច់សម្រាប់ការបំបាត់អ្នកឃុបឃិត និងសម្ព័ន្ធមិត្តរបស់ពួកគេ។