ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង និយាយថា នៅថ្ងៃសុក្រនេះ កូរ៉េខាងត្បូង សូមធ្វើការថ្កោលទោសការបង្ហាញរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់កូរ៉េខាងជើង ដោយពួកគេនិយាយថា ពួកគេមិនដែលទទួលយកម្តងណាឡើយ ការកាន់កាប់អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។
ការថ្កោលទោសបែបនេះ បានកើតមានឡើង ក្រោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបំពេញទស្សនកិច្ចទៅកាន់រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបានអំពាវនាវឲ្យមានម៉ាស៊ីន Centrifuge ថ្មី ដើម្បីផលិតសម្ភារៈកម្រិតអាវុធបន្ថែមទៀតសម្រាប់អាវុធនុយក្លេអ៊ែរ ។
សេចក្តីរាយការណ៍ស្តីពីដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់វិទ្យាស្ថានអាវុធនុយក្លេអ៊ែរ និងរោងចក្រផលិតសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធនោះ ត្រូវបានអមដោយរូបថតដែលបង្ហាញពីទិដ្ឋភាពដ៏កម្រនៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ក្រោមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ។
លោក Kimនិយាយថា ការគំរាមកំហែងនុយក្លេអ៊ែរប្រឆាំងកូរ៉េខាងជើង ពីកងកម្លាំងមហាអំណាចដឹកនាំដោយពួកចក្រពត្តិនិយមរបស់អាមេរិក បានឆ្លងកាត់បន្ទាត់ក្រហមរបស់ពួកយើង ។
លោក Koo Byoung-Samគឺជាអ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង និយាយថា រដ្ឋាភិបាលរបស់លោកសូមធ្វើការថ្កោលទោសកូរ៉េខាងជើងទាំងស្រុង សម្រាប់ការបង្ហាញរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងការពិភាក្សាលើការបង្កើនឲ្យបានឆាប់រហ័សនូវសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ហើយនិងការផលិតសម្ភារៈនុយក្លេអ៊ែរ សម្រាប់អាវុធនុយក្លេអ៊ែរតាក់ទិក ៕