យោងតាមការអះអាងរបស់សេវាកម្មពន្លត់អគ្គិភ័យជាតិ បានឲ្យដឹងថា មនុស្សយ៉ាងហោច ១៩នាក់ បានស្លាប់ ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅក្នុងទីក្រុងណៃពិដោដែលហែកហួររួចទៅហើយដោយសារសង្រ្គាម ក្នុងនោះក្រុមជួយសង្រ្គោះ បានប្រើប្រាស់ទូកដឹកមនុស្សជម្លៀសខ្លួន ៣.៦០០នាក់ ទៅកាន់ទីទួលសុវត្ថិភាព ។
ទូរទស្សន៍ MRTV គ្រប់គ្រងដោយរបបសឹក រាយការណ៍ថា សាលារៀននៅតំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងទីក្រុងណៃពិសោ បានបិទទ្វារ ហើយក្រុមអ្នកស្រុក ត្រូវបានគេព្រមានពីកម្រិតទឹក ឡើង ។
យោងតាមការវិភាគរូបភាពផ្កាយរណបដោយអង្គការសហប្រជាជាតិ(UN)បានឲ្យដឹងថា ផ្ទៃដីប្រហែល ១៦២ គ.មក្រឡា ជុំវិញរដ្ឋធានីណៃពិដោ ត្រូវបានជន់លិចកាលពីថ្ងៃព្រហស្បតិ៍ ហើយផ្ទៃដី ៣៦៦គ.មក្រឡាផ្សេងទៀត បានជន់លិចនៅទីក្រុង Mandalay ដែលជាទីក្រុងធំទី ២របស់មីយ៉ាន់ម៉ា ។
គួរឲ្យដឹងថា ប្រហែល ១ភាគ៤ នៃពលរដ្ឋ ៥៥លាននាក់របស់មីយ៉ាន់ម៉ា ត្រូវការជំនួយមនុស្សធម៌ ប៉ុន្តែទីភ្នាក់ងារជំនួយជាច្រើន ដូចជាគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ពុំអាចប្រតិបត្តិការបានទេនៅតាមតំបន់ជាច្រើន ដោយសារការរឹតត្បិតការចូលដល់ និងហានិភ័យសន្តិសុខ ។
ការបះបោរប្រដាប់អាវុធ រួមទាំងក្រុមតស៊ូថ្មី និងកងទ័ពជនជាតិភាគតិចមានស្រាប់ កំពុងតធ្វើសង្រ្គាមជាមួយយោធាប្រដាប់អាវុធមីយ៉ាន់ម៉ា ស្របពេលកើតមានវិបត្តិសេដ្ឋកិច្ច ដែលកាន់តែធ្ងន់ធ្ងរទៅ ដោយសារទឹកជំនន់ ។
អាកាសធាតុអាក្រក់បង្កឡើងដោយសារព្យុះទីហ្វុង Yagi ដែលជាព្យុះខ្លាំងក្លាបំផុតវាយប្រហារអាស៊ីក្នុងឆ្នាំនេះ បានសម្លាប់មនុស្សជាង ២៣០នាក់ នៅក្នុងប្រទេសវៀតណាម និងប្រទេសថៃ ហើយទឹកជំនន់ពីទឹកទន្លេឡើង បានជន់លិចទីក្រុងជាច្រើននៅក្នុងប្រទេសទាំង ២នេះ ៕