តំបន់ដ៏ធំនៃប្រទេសស្វីស និងអូទ្រីស កំពុងត្រៀមជួបប្រទះនឹងការធ្លាក់ព្រិលខុសរដូវ ខណៈដែលសាធារណរដ្ឋឆែក ត្រៀមទប់ទល់នឹងអ្វីដែលអាចជាទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៅក្នុងរយៈពេលដ៏ខ្លីនៃការប្រឈមចុងក្រោយនូវអាកាសធាតុធ្ងន់ធ្ងរ ដែលវាយលុកលើទ្វីបអឺរ៉ុប។
យោងតាមការជូនដំណឹងពីការិយាល័យឧតុនិយមសហព័ន្ធ បានឲ្យដឹងថា កម្ពស់ព្រិលមួយចំនួន នៅក្នុងប្រទេសស្វីស អាចនឹងមានរហូតដល់ ៤៥សង់ទីម៉ែត្រ ក្នុងរយៈពេល ២ថ្ងៃបន្ទាប់។ នៅប្រទេសអូទ្រីស អ្នកព្យាករ កំពុងព្រមានអំពីការធ្លាក់ព្រិល នៅតំបន់កណ្តាល រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ដោយមានកម្ពស់ខ្ពស់រហូតដល់ទៅ ៥០សង់ទីម៉ែត្រ នៅទីក្រុង Salzburg (សលស្បឺក)។ នេះបើយោងតាមសេវាកម្មអាកាសធាតុអន្តរជាតិ។
ទន្ទឹមនឹងនេះ អាជ្ញាធរ នៅសាធារណរដ្ឋឆែក រំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា និងហានិភ័យទឹកជំនន់ នៅតំបន់ភាគកណ្តាល និងភាគខាងកើតនៃប្រទេស។ តំបន់ខ្លះអាចទទួលបានទឹកភ្លៀងកម្រិតលើសពី ៣០សង់ទីម៉ែត្រ។ ហើយយោងតាមរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា ទន្លេនៅក្បែរប្រទេសអាល្លឺម៉ង់ ក៏អាចរងផលប៉ះពាល់ផងដែរ។
ខណៈពេលដែលផ្នែកខ្លះរបស់ទ្វីបអឺរ៉ុប ជាពិសេសនៅភាគខាងត្បូង បានប្រឈមមុខនឹងការឡើងកម្ដៅខ្លាំង ក្នុងប៉ុន្មានខែថ្មីៗនេះ តំបន់ផ្សេងទៀតនៃទ្វីបនេះ ឥឡូវនេះកំពុងដោះស្រាយជាមួយនឹងអាកាសធាតុធ្ងន់ធ្ងរ ក្នុងកម្រិតខុសៗគ្នា៕