សេវាកម្មសន្តិសុខ FSB របស់រុស្ស៊ី និយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានដកហូតការតែងតាំងមន្រ្តីការទូតអង់គ្លេសចំនួន ៦នាក់ នៅក្នុងទីក្រុងម៉ូស្គូ ដែលសកម្មភាពរបស់ពួកគេ បង្ហាញពីសញ្ញាការងារចារកម្ម និងបំផ្លិចបំផ្លាញ ។
ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងម៉ូស្គូ ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើររបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ សុំសេចក្តីអត្ថាធិប្បាយ ។
FSB ដែលជាភ្នាក់ងារបន្តវេនដ៏សំខាន់ពីទីភ្នាក់ងារ Soviet KGB និយាយថា ពួកគេមានឯកសារបង្ហាញថា ក្រសួងការបរទេសអង់គ្លេសនៅទីក្រុងឡុងដ្រ៍ទទួលបន្ទុកបញ្ហាអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល បានសម្របសម្រួលអ្វីមួយដែលពួកគេចាត់ទុកថាជាការកើនឡើងស្ថានភាពនយោបាយ និងយោធា ហើយនិងធ្វើការដើម្បីធានាដល់បរាជ័យជាយុទ្ធសាស្ត្ររបស់រុស្ស៊ី នៅក្នុងសង្រ្គាមរបស់ពួកគេជាមួយអ៊ុយក្រែន ។
FSB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដូច្នេះហើយ ការពិតដែលបានបង្ហាញផ្តល់គ្រឹះ ដើម្បីចាត់ទុកសកម្មភាពរបស់មន្រ្តីការទូតអង់គ្លេសដែលបានបញ្ជូនមកកាន់ទីក្រុងម៉ូស្គូដោយក្រុមនាយក គឺជាការគំរាមកំហែងដល់សន្តិសុខសហព័ន្ធរុស្ស៊ី ។
FSB បន្តទៀតថា នៅក្នុងការជាប់ពាក់ព័ន្ធនេះ ផ្អែកលើឯកសារដែលបានផ្តល់ជូនដោយសេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី ហើយនិងជាការឆ្លើយតបចំពោះវិធានការគ្មានមេត្រីភាពជាច្រើនធ្វើឡើងដោយទីក្រុងឡុងដ្រ៍ ក្រសួងការបរទេសរុស្ស៊ី ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារពាក់ព័ន្ធ បានលុបចោលការតែងតាំងសមាជិក ៦នាក់ នៅក្នុងនាយកដ្ឋាននយោបាយស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងម៉ូស្គូ ពេលដែលសញ្ញាសកម្មភាពចារកម្ម និងបំផ្លិចបំផ្លាញរបស់ពួកគេ ត្រូវបានលាតត្រដាង ៕