មហាសេដ្ឋីដ៏មានឥទ្ធិពលផ្នែកបច្ចេកវិទ្យា លោក Elon Musk បានប្រដូចរដ្ឋាភិបាលអូស្ត្រាលីទៅនឹង «ពួកហ្វាស៊ីស» ដោយវាយប្រហារលើសំណើច្បាប់ ដែលនឹងពិន័យក្រុមហ៊ុនបណ្ដាញសង្គមធំៗជាងគេបំផុត ដែលមិនអាចទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត។
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានណែនាំនូវសេចក្ដីស្នើច្បាប់ «ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត» កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) ដែលច្បាប់នោះរួមបញ្ចូលនូវអំណាចដ៏ធំ ក្នុងការដាក់ពិន័យក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាងគេបំផុតរហូតដល់ ៥ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ ពាក់ព័ន្ធនឹងការរំលោភលើកាតព្វកិច្ចសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត។
ជាការឆ្លើយតបទៅនឹងវិធានការនេះ នៅវេទិកាបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter ដែលរូបលោកជាម្ចាស់នោះ លោក Musk បានបង្ហោះពាក្យយ៉ាងខ្លីថា «ពួកហ្វាស៊ីស»។
អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងគមនាគមន៍ លោកស្រី Michelle Rowland បានឲ្យដឹងតាមរយៈអ៊ីម៉ែល (សារអេឡិកត្រូនិក) ថា ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសអូស្ត្រាលី ត្រូវតែគោរពតាមច្បាប់របស់ប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «ច្បាប់នេះធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងគណនេយ្យភាពនៃវេទិការ សម្រាប់អ្នកប្រើប្រាស់ និងប្រជាជនអូស្ត្រាលី»។
ការអត្ថាធិប្បាយរបស់លោក Musk ជុំវិញការជំរុញប្រឆាំងនឹងព័ត៌មានមិនពិតនេះ បាននាំឲ្យមានការរិះគន់ និងការចំអកពីសមាជិកសភាអូស្ត្រាលី៕