
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានស្នើដល់ក្រសួងទេសចរណ៍ឱ្យត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឱ្យអនុវត្តនៅតាមផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេសឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា ស្ថានភាពជំងឺកូវីដ-១៩ មានសភាពធូរស្រាល។ ការស្នើនេះ គឺដើម្បីឈានទៅបើកដំណើរការផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅកម្ពុជាឡើងវិញ។
ដោយពិនិត្យឃើញស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងដើម្បីជំរុញដំណើរការនៃសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ទៅតាមគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាលបានស្នើឱ្យក្រសួងទេសចរណ៍ត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ដាក់ឱ្យអនុវត្តន៍នៅតាមផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស។
នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២១ ផ្ញើជូនឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លិខិតរបស់ក្រសួងសុខាភិបាលដដែលបានបញ្ជាក់ថា នីតិវិធីប្រតិបត្តិស្តង់ដារដែលនឹងត្រូវដាក់ឱ្យអនុវត្តតាមផ្សារទំនើប និងផ្សារសាធារណៈនេះ ត្រូវផ្តោតទៅលើទាំងវិធានសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធានាបានទាំងផ្នែកសុខភាពសាធារណៈ ទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ៕ ដោយ៖ គង់ ឌិន
