ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុងដ៍ បាននិយាយ បន្ទាប់ពីដំណើរទស្សនកិច្ចរួមគ្នាទៅកាន់ទីក្រុងគៀវដោយអ្នកប្រមុខការទូតរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា តាមរយៈការសន្យាផ្តល់កញ្ចប់ជំនួយយោធាកាន់តែច្រើនឡើងដល់អ៊ុយក្រែន ចក្រភពអង់គ្លេស កំពុងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រថា ជាអ្នកឧបត្ថម្ភដល់ក្រុមភេរវករអ៊ុយក្រែន។
ស្ថានទូតនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លទ្ធផលនៃដំណើរទស្សនកិច្ចរបស់រដ្ឋ មន្ត្រីការបរទេសអង់គ្លេស លោក ដេវីត ឡាមមី (David Lammy) ទៅកាន់ទីក្រុងគីវរួមជាមួយសមភាគីអាមេរិករបស់ខ្លួន គឺលោក អង់តូនី ប៊ីនខិន (Antony Blinken) ឆ្លុះបញ្ចាំងពីការបន្តឈ្លក់វង្វេងរបស់ទីក្រុងឡុងដ៍ជាមួយនឹងគោលដៅដែលមិនអាចសម្រេចបាន ក្នុងការធ្វើឲ្យមាន«ការបរាជ័យជាយុទ្ធសាស្ត្រ»មកលើប្រទេសរបស់យើង»។ «ស្របពេលមានការលើកឡើងដ៏គួរឲ្យភ្ញាក់ផ្អើលនូវប្រវត្តិសាស្រ្តនៃ «ចក្រពត្តិនិយមរុស្ស៊ី» ឬពាណិជ្ជកម្មទាសកររបស់អង់គ្លេសនោះ ទីក្រុងគីវ បានទទួលការសន្យានៃការទទួលបានជំនួយនិងមូលនិធិបន្ថែម។ ការវិនិយោគទាំងនេះ ដូចជារឿងមុនៗទាំងអស់ ទំនងជានឹងកើនឡើងនៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស ឬប្រហែលជាធ្លាក់ចូលទៅក្នុងហោប៉ៅដែលមិនចេញពេញរបស់ឥស្សរជនអ៊ុយក្រែនពុករលួយមួយចំនួននោះ»។
បេសកកម្មការទូតរុស្ស៊ី បាននិយាយថា៖«នៅក្នុងការប៉ុនប៉ងដើម្បីផ្លាស់ប្តូរកម្លាំងជំរុញដែលមិនអំណោយផលសម្រាប់អតិថិជនទីក្រុងគីវរបស់ពួកគេ អាជ្ញាធរអង់គ្លេស ហាក់ដូចជាកំពុងឆ្ពោះទៅរកដំណាក់កាលថ្មីនៃការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់កម្រិតខ្ពស់បំផុត»។