បំណាក់ដី និងទឹកជំនន់ បង្កឡើងដោយព្យុះទីហ្វុង Yagi បានសម្លាប់មនុស្សជិត៣០០ នាក់នៅក្នុងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។ ព្យុះដ៏មានឥទ្ធិពលបំផុតដែលបានកត់ត្រានៅក្នុងតំបន់ក្នុងឆ្នាំនេះ បានវាយប្រហារប្រទេសវៀតណាមកាលពីចុងសប្តាហ៍មុន ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងរោងចក្រ ព្រមទាំងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ប្រទេសឡាវ ថៃ និងមីយ៉ាន់ម៉ា ក្រោយវាយប្រហារ និងឆក់យកជីវិតមនុស្សមួយចំនួននៅហ្វីលីពីន និងចិន។
មនុស្សរាប់លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍បានជួបការលំបាកយ៉ាងខ្លាំងក្នុងសប្ដាហ៍នេះ ស្របពេលលំនៅឋានត្រូវបានជន់លិច ការដាច់ចរន្តអគ្គិសនី និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីព្យុះទីហ្វុង Yagi បានវាយប្រហារពេញតំបន់នេះ ទន្ទឹមនឹងចំនួនអ្នកស្លាប់បានកើនឡើងដល់ ជិត៣០០នាក់។
នៅប្រទេសវៀតណាម ដែលរងគ្រោះខ្លាំងជាងគេបំផុត អ្នកស្លាប់បានកើនឡើងដល់ ២៤៧ នាក់ ដោយមានមនុស្ស ៩ នាក់បានស្លាប់នៅភាគខាងជើងប្រទេសថៃ ដែលមានស្រុកមួយកំពុងរងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៨០ ឆ្នាំ។
ចំណែកសេវាពន្លត់អគ្គិភ័យជាតិរបស់មីយ៉ាន់ម៉ា បានបញ្ជាក់ពីការស្លាប់ទាក់ទងនឹងព្យុះ Yagi ដំបូងបំផុតរបស់ប្រទេសនេះ បន្ទាប់ពីសាកសពចំនួន ១៩ នាក់ត្រូវបានរកឃើញពីភូមិនានាដែលទឹកជន់លិចក្នុងតំបន់ម៉ាន់ដាឡេ ( Mandalay) ខណៈមនុស្សជាង ៥០.០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ៕