រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius និយាយនៅថ្ងៃសុក្រនេះថា នាវាកងទ័ពជើងទឹកអាល្លឺម៉ង់ ២គ្រឿង បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងក្លាយជានាវាកងទ័ពជើងទឹកអាល្លឺម៉ង់លើកដំបូងគេក្នុងក្នុងរយៈពេល ២២ឆ្នាំ បើកឆ្លងកាត់ច្រកសមុទ្រមួយនេះ ។
ចិនដែលប្រកាសសិទ្ធិកោះតៃវ៉ាន់គ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យថាជារបស់ខ្លួននោះ និយាយថា មានតែពួកគេប៉ុណ្ណោះ អាចប្រើអធិបតេយ្យភាព និងដែនសមត្ថិកិច្ចលើច្រកសមុទ្រមួយនេះបាន ។
សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ និយាយថា ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មាននាវាកុងតឺន័រសកលលោកឆ្លងកាត់ប្រហែលពាក់កណ្តាលនោះ គឺជាផ្លូវទឹកអន្តរជាតិ ។
ថ្លែងចេញពីទីក្រុងប៊ែរឡាំង លោក Boris និយាយថា លោកអាចបញ្ជាក់បានពីការឆ្លងកាត់របស់នាវាចម្បាំង Baden-Wuerttemberg និងនាវាផ្គត់ផ្គង់ Frankfurt am Main ។
លោកនិយាយថា ដែនទឹកអន្តរជាតិ គឺជាដែនទឹកអន្តរជាតិ វាខ្លីបំផុត ហើយបើគិតពីលក្ខខណ្ឌ អាកាសធាតុ គឺជាផ្លូវសុវត្ថិភាពបំផុត ។ ដូច្នេះហើយ ពួកយើងឆ្លងកាត់ ។
ខណៈពេលនោះដែរ ក្រសួងការពារជាតិកោះតៃវ៉ាន់ បដិសេធន៍មិនផ្តល់សេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេ ។
ដោយឡែក ប្រភពសន្តិសុខដឹងច្បាស់ពីស្ថានភាពនេះ និយាយថា នាវាទាំងនេះ នឹងឆ្លងផុតច្រកសមុទ្រនៅថ្ងៃសៅរ៍ស្អែក ។
ថ្លែងក្នុងទីក្រុងប៉េកាំង មុនពេលការឆ្លងកាត់នេះ ត្រូវបានបញ្ជាក់នៅថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ពួកគេសូមធ្វើការថ្កោលទោសទាំងស្រុងចំពោះពាក្យដោះសារសម្រាប់ការរំលោភអធិបតេយ្យភាពរបស់ចិន ៕


