ចំណងជើង នៅលើទំព័រសារព័ត៌មាន Kommersant នាព្រឹកនេះ បាននាំឲ្យមានការតានតឹងក្នុងអារម្មណ៍ នោះគឺ «លោក Vladimir Putin គូសបន្ទាត់ក្រហមរបស់លោក» ដែលមានន័យថា លោកកំពុងរៀបចំកម្រិតព្រំដែន ពាក់ព័ន្ធនឹងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ។ តើក្រុមលោកខាងលិចនឹងឆ្លងកាត់បន្ទាត់នេះទេ? ហើយប្រសិនបើវាកើតឡើង តើរុស្ស៊ីនឹងឆ្លើយតបយ៉ាងដូចម្ដេច?
ដោយថ្លែងនៅក្នុងទីក្រុង St Petersburg ប្រធានាធិបតីរុស្ស៊ី លោក Putin បានបញ្ជូនការព្រមានច្បាស់ៗទៅកាន់លោកខាងលិចថា កុំអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដើម្បីវាយប្រហារចូលដែនដីរបស់រុស្ស៊ីឲ្យសោះ។ លោកបានបញ្ជាក់ថា ទីក្រុងមូស្គូនឹងចាត់ទុកការធ្វើនោះជា «ការចូលរួមដោយផ្ទាល់» ពីប្រទេសសមាជិកអង្គការណាតូ ក្នុងសង្គ្រាម នៅអ៊ុយក្រែន។
មេដឹកនាំវិមានក្រឹមឡាំង បានបន្តទៀតថា៖ «វានឹងមានការផ្លាស់ប្តូរយ៉ាងធំធេងនូវរាល់ខ្លឹមសារ ដែលជាទិដ្ឋភាពនៃជម្លោះ។ នេះនឹងមានន័យថា ប្រទេសសមាជិកអង្គការណាតូ សហរដ្ឋអាមេរិក និងបណ្ដារដ្ឋអឺរ៉ុប កំពុងធ្វើសង្គ្រាមជាមួយរុស្ស៊ី»។ លោក Putin បានអះអាងថា ដើម្បីបាញ់មីស៊ីលចូលដែនដីរបស់ប្រទេសរុស្ស៊ី អ៊ុយក្រែននឹងត្រូវការទិន្នន័យពីផ្កាយរណបរបស់លោកខាងលិច ហើយលោកប្រាប់ទៀតថា មានតែទាហានមកពីប្រទេសជាសមាជិកអង្គការណាតូប៉ុណ្ណោះ ដែលអាច «បញ្ចូលបេសកកម្មហោះហើរទៅក្នុងប្រព័ន្ធមីស៊ីលទាំងនេះ» បាន។
នៅមុននេះ រុស្ស៊ីបានគូសបន្ទាត់ក្រហម ហើយឃើញថា បន្ទាត់នេះត្រូវបានឆ្លងកាត់នៅមុននេះដែរ។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក Putin បានប្រកាសពីការចាប់ផ្តើមនូវ «ប្រតិបត្តិការយោធាពិសេស» របស់លោក ពោលគឺការលុកលុយដោយពេញលេញលើប្រទេសអ៊ុយក្រែន ប្រធានាធិបតីរូបនេះ បានចេញការព្រមានដល់ «អ្នកដែលអាចត្រូវបានល្បួងឲ្យចូលជ្រៀតជ្រែកពីខាងក្រៅ»។
យ៉ាងណាក្ដី សម្រាប់បណ្ដាមេដឹកនាំលោកខាងលិច ពួកគេបានធ្វើមិនដឹងមិនឮនូវអ្វីដែលត្រូវបានបកស្រាយយ៉ាងទូលំទូលាយ នាពេលនោះថា ជាការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីពេលនោះមក លោកខាងលិចបានផ្តល់រថក្រោះ ប្រព័ន្ធមីស៊ីលទំនើបៗដល់អ៊ុយក្រែន ហើយថ្មីៗនេះ យន្តហោះចម្បាំងអាមេរិក F-16៕