ដោយមានគោលបំណងដាក់កងទ័ពអាល្លឺម៉ង់ឲ្យឈរជើងរហូតដល់ទៅ ៤.០០០នាក់ «នៅព្រំដែនផ្នែកខាងកើតរបស់សមាជិកអង្គការណាតូ (NATO)» ក្នុងប្រទេសបាល់ទិក នៅចុងឆ្នាំ២០២៧ ប្រទេសអាល្លឺម៉ង់ និងលីទុយអានី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៅទីក្រុងប៊ែរឡាំង នាថ្ងៃសុក្រ (ទី១៣ ខែកញ្ញា)។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងទាំងអស់គ្នា កំពុងប្រឹងប្រែងធ្វើការយ៉ាងខ្លាំងក្លា ដោយគោលដៅរបស់យើង គឺគ្មានអ្វីនោះឡើយក្រៅតែពីការដាក់ឲ្យកងពលតូចអាល្លឺម៉ង់ឈរជើងប្រតិបត្តិការ នៅក្នុងប្រទេសលីទុយអានី នាចុងឆ្នាំ២០២៧។
ការសាងសង់មូលដ្ឋានទ័ពអាល្លឺម៉ង់ នាពេលអនាគត បានចាប់ផ្តើមនៅដើមរដូវក្តៅនេះ នៅក្បែរតំបន់ព្រៃ Rudninkai ភាគខាងត្បូងនៃរដ្ឋធានី Vilnius។ លោក Pistorius បានដាក់ការចំណាយប្រហែល «ពី ៤ ទៅ ៦ពាន់លានអឺរ៉ូ សម្រាប់ការវិនិយោគចូលទៅក្នុងកងពលតូច ហើយការចំណាយប្រចាំឆ្នាំ សម្រាប់កងពលតូចនេះ មិនដល់ ១ពាន់លានអឺរ៉ូទេ»។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់បានប្តេជ្ញាចិត្តកាលពីឆ្នាំមុន ក្នុងការដាក់ឲ្យងទ័ពទាំងនេះឈរជើង នៅលីទុយអានី ជាប្រទេសដែលមានព្រំប្រទល់ជាប់នឹងដែនដី Kaliningrad របស់រុស្ស៊ី៕


