បាល់ទាត់៖ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបន្ថែម ៣ពិន្ទុពេញក្រោយយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន Smart RSN កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

ជំនួបជើងទី២ នេះ វគ្គទី១ ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើគ្នា ០-០។ ប៉ុន្ដែចូលវគ្គទី២ ប្រមាណ ២០នាទីក្រុមសិង្ហក្រហមភ្នំពេញក្រោន បានស៊ុតបើកការនាំមុខក្រុមភ្ញៀវ ២គ្រាប់មុន ដោយកីឡាករ ប្រាក់ ធីវ៉ា នៅនាទី៥២ និងកីឡាករ ពៅ ប៉ុនវុទ្ធី នៅនាទី៦៤។ ទន្ទឹមជាមួយការដាក់សម្ពាធក៏ដូចជាការនាំមុខរបស់ក្រុមម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យក៏មានឱកាសវាយបកម្ដងម្កាលផងដែរជាក់ស្ដែងនៅនាទី៦៩ កីឡាករ ដាវ នីម មានឱកាសស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្នំពេញក្រោន ១គ្រាប់វិញ មុនកីឡាករ ប្រាក់ ធីវ៉ា បន្ថែមគ្រាប់ទី៣ នៅនាទី៧៧ ដែលជាគ្រាប់ជ័យជម្នះចុងក្រោយនៃការប្រកួតនេះតែម្ដង។

ក្រុមភ្នំពេញក្រោនបានរក្សាជ័យជម្នះទាំង ២ជើងលើក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ ដ្បិតកាលពីជើងទី១ ពួកគេបានយកឈ្នះក្រៅដីក្នុងលទ្ធផល ២-១។ បច្ចុប្បន្នភ្នំពេញក្រោន មាន ៣១ពិន្ទុស្មើក្រុមព្រះខ័នរាជស្វាយរៀងដោយឈរលេខរៀងទី២ បន្ទាប់ពីឆ្លងកាត់ ១៤ប្រកួតឈ្នះ៩ ស្មើ៤ និងចាញ់១។ រីឯគិរីវង់បន្ដឈរលេខ៨ ដោយរក្សា ១៣ពិន្ទុក្នុងដៃក្រោយបរាជ័យ ២ប្រកួតជាប់គ្នាក្នុងវគ្គ Top-8៕
អត្ថបទ៖ លី ឈុនឡា