កង្វះខាតទឹកប្រើប្រាស់នៅក្នុងប្រទេសគុយបាន បានធ្វើឲ្យផ្ទុះកំហឹងកាន់តែខ្លាំង រួមទាំងនៅក្នុងរដ្ឋធានីហាឡាវ៉ាន់ ស្របពេលដែលបញ្ហានេះ បង្កទុក្ខលំបាកដល់ពលរដ្ឋរាប់ម៉ឺននាក់ ដែលរងគ្រោះរួចទៅហើយដោយសារកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងអគ្គិសនី ។
ក្រុមមន្រ្តីនិយាយកាលពីដើមខែនេះថា ពលរដ្ឋរហូតដល់ ៦០ម៉ឺននាក់ បានរងផលប៉ះពាល់ដោយសារបញ្ហាផ្គត់ផ្គង់ទឹក ។
រដ្ឋាភិបាល និយាយថា រដ្ឋធានីហាឡាវ៉ាន់ បានរងផលប៉ះពាល់ខ្លាំងបំផុតដោយសារកង្វះខាតទឹក បើទោះបីជាទីក្រុងធំៗបំផុតភាគច្រើននៅក្នុងប្រទេសមួយនេះ រាយការណ៍ថា អតិថិជនជាង ៣ម៉ឺននាក់ប៉ុណ្ណោះ គ្មានទឹកប្រើប្រាស់ក៏ដោយ ។
ក្រុមមន្រ្តី បានដាក់ការស្តីបន្ទោសបញ្ហាកើនឡើងនេះ លើរចនាសម្ព័ន្ធដួលរលំ និងកង្វះខាតប្រេងឥន្ធនៈមានស្រាប់ និងវិបត្តិសេដ្ឋកិច្ចដែលយាយីដល់កំណើនសេដ្ឋកិច្ច និងធ្វើឲ្យប្រទេសគ្រប់គ្រងបែបកុម្មុយនិស្តមួយនេះ ជិតក្ស័យធន ។
អ្នកស្រី Rachel Trimino វ័យ ៣២ឆ្នាំ គឺជាពលរដ្ឋមួយរូបរស់នៅទីក្រុងហាឡាវ៉ាន់ និយាយថា មូលហេតុសំខាន់គ្មានអ្វីអាថ៌កំបាំងនោះទេ សូម្បីនៅក្នុងសង្កាត់ Vedado របស់គាត់ ។
អ្នកស្រីបន្តថា នៅគ្រប់ផ្លូវ បំពង់បង្ហូរទឹកសុទ្ធតែបែកធ្លាយ សុទ្ធតែទឹកស្អាត ប៉ុន្តែគ្មានទឹកទេនៅក្នុងផ្ទះរបស់ពួកយើង ៕