ធនាគារកណ្តាលរបស់ប្រទេសចិន នៅថ្ងៃសុក្រ (ទី១៣ ខែកញ្ញា) នេះ បានឲ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអាជ្ញាធរម៉ាល់ឌីវ ដើម្បីពង្រឹងពាណិជ្ជកម្ម និងការវិនិយោគ ខណៈប្រទេសមហាសមុទ្រឥណ្ឌាមួយនេះ ដែលមានបញ្ហាបំណុល កំពុងព្យាយាមបញ្ចៀសការខកខាងសងបំណុល។
ដោយមិនមានផ្ដល់ព័ត៌មានលម្អិតបន្ថែម សេចក្តីថ្លែងការណ៍របស់ធនាគារប្រជាជនចិន បានបង្ហាញថា ធនាគារប្រជាជនចិន និងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មម៉ាល់ឌីវ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ការទូទាត់រូបិយប័ណ្ណ ក្នុងស្រុក សម្រាប់ប្រតិបត្តិការគណនីចរន្ត និងការវិនិយោគផ្ទាល់។
ចំណែកក្រសួងការបរទេសចិន នៅព្រឹកថ្ងៃដដែលនេះដែរ បានប្រាប់ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោក និងជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីដ៏ធំជាងគេបំផុត បានទាក់ទងជាមួយម៉ាល់ឌីវ អំពីបំណុលរបស់ប្រទេសនេះ ដែលជំពាក់ទីក្រុងប៉េកាំង និងការបង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រវាងប្រទេសទាំង២។
គួរបញ្ជាក់ថា ម៉ាល់ឌីវបានស្ថិតនៅក្រោមការត្រួតពិនិត្យ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញការសង្ស័យថា តើប្រទេសកោះមួយនេះ នឹងអាចសងត្រឡប់នូវបំណុលអន្តរជាតិរបស់ខ្លួនបាន ឬយ៉ាងណា។
កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) រដ្ឋាភិបាលបានប្ដេជ្ញាថា ខ្លួននឹងមិនក្លាយជាប្រទេសដំបូងគេ ដែលមិនបានសងបំណុលអធិបតេយ្យរបស់រដ្ឋអ៊ិស្លាម ដោយការខកខានមិនបានទូទាត់ការដល់កំណត់បង់ប្រាក់ ២៥លានដុល្លារ នៅខែក្រោយនោះឡើយ៕