រដ្ឋបាលតាលីបង់ នៅថ្ងៃសុក្រ (ទី១៣ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន ១៤នាក់ បានបាត់បង់ជីវិត និង ៦នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារដោយក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ នៅភាគកណ្តាលអាហ្វហ្គានីស្ថាន។
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែសីហា) នៅក្នុងខេត្ត Daykundi ប៉ុន្តែមិនបានផ្តល់ភស្តុតាងអ្វីឡើយ។ មនុស្សភាគច្រើន នៅក្នុងតំបន់នោះ គឺជាអ្នកកាន់សាសនាអ៊ិស្លាមនិកាយ Shia ហើយតំបន់ត្រូវបានគេចាត់ទុកថា ជាខេត្តមួយដែលមានសុវត្ថិភាពបំផុត។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ខណៈដែលយើងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់យើងជាមួយជនរងគ្រោះស្លូតត្រង់នៃឧបទ្ទវហេតុនេះ យើងក៏កំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកជនល្មើសគ្មានគុណធម៌ដែលប្រព្រឹត្តទង្វើនេះ ហើយនាំខ្លួនពួកគេទៅកាត់ទោសឲ្យបាន»។
គួរបញ្ជាក់ថា រដ្ឋអ៊ិស្លាម Khurasan ជាសមាជិកតាមតំបន់របស់រដ្ឋអ៊ិស្លាមដែលមានមូលដ្ឋាន នៅតំបន់មជ្ឈិមបូព៌ា បានធ្វើការបះបោរប្រឆាំងនឹងពួកតាលីបង់ ដែលពួកគេចាត់ទុកថា ជាសត្រូវរបស់ពួកគេ។ អាជ្ញាធរតាលីបង់ និយាយថា ពួកគេភាគច្រើនបានកម្ទេចក្រុមនេះ ទោះបីជាក្រុមនេះបន្តធ្វើការវាយប្រហារក្នុងប្រទេសអាហ្វហ្គានីស្ថានក៏ដោយ៕