បាល់ទាត់៖ ក្រុមព្រះខ័នរាជស្វាយរៀងបានបន្ដឈរកំពូលតារាងបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជាសប្ដាហ៍ទី១៥ ក្រោយបន្ថែម ៣ពិន្ទុពេញតាមរយៈការយកឈ្នះក្រុមណាហ្គាវើលដ៏ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋានស្ដាតចាស់កាលពីល្ងាចថ្ងៃពុធម្សិលមិញ។

ជំនួបដ៏ជក់ចិត្តនេះ កីឡាករ Privat បានតែតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ១គ្រាប់មុននៅនាទី៥៨ ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ នៅវគ្គទី១។ បន្ទាប់ពីត្រូវក្រុមភ្ញៀវបើកការនាំមុខ ក្រុមលោក មាស ចាន់ណា ក៏បានព្យាយាមវាយបករហូតរកបានគ្រាប់តាមស្មើវិញ ១-១ ដោយការទាត់ហ្វ្រីឃីតដ៏ល្អពីសំណាក់ខ្សែជប៉ុន Fumiya Kogure នៅនាទី៧៤។ នៅសល់រយៈពេល ១៥នាទីចុងក្រោយ ក្រុមទាំងពីរបានវាយសម្រុកគ្នាកាន់តែខ្លាំងរហូតដល់នាទី៨១ ប្អូនប្រុសបង្កើតរបស់ Privat គឺកីឡាករ Emmanuel បានបង្កើតឱកាសដោយការអូសបាល់ចូលក្នុងប្រអប់គ្រោះថ្នាក់ ហើយបញ្ជូនឲ្យកីឡាករសញ្ជាតិសេនេហ្គាល់ Lopez Mendy ស៊ុតបញ្ចប់ទីយ៉ាងល្អដែលជាគ្រាប់ទី២ និងជាគ្រាប់ជ័យជម្នះរបស់ក្រុមព្រះខ័នរាជស្វាយរៀងតែម្ដង។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមលោក Conor Nestor រក្សាបាននូវជ័យជម្នះទាំង ២ជើងលើក្រុមណាហ្គាវើលដ៏ ដ្បិតកាលពីជើងទី១ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្នុងដី ៣-១។ ការបន្ថែម ៣ពិន្ទុនេះដែរនាំឲ្យក្រុមជើងឯករងឆ្នាំចាស់នេះបន្ដឈរកំពូលតារាង និងមាន ៣១ពិន្ទុ ស្មើក្រុមភ្នំពេញក្រោនបន្ទាប់ពីប្រកួត ១៤លើក ឈ្នះ ១០ ស្មើ១ និងចាញ់ ៣។ រីឯក្រុមណាហ្គាវើលដ៏បន្ដឈរលេខ៤ និងមាន ២៨ពិន្ទុស្មើក្រុមវិសាខា។ ដោយឡែកការប្រកួតដែលបានបញ្ចប់ដំណាលគ្នាកាលពីម្សិលមិញ ១គូទៀតគឺក្រុមនគរបាលជាតិបានស្គាល់រសជាតិឈ្នះលើកដំបូង លើក្រុមអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៤-៣។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមនគរបាលជាតិ រំកិលពីបាតតារាងមកឈរលេខរៀងទី១២ បណ្ដោះអាសន្នដោយមាន ៧ពិន្ទុស្មើក្រុមអគ្គិសនីកម្ពុជា ខណៈក្រុមសូលទីឡូអង្គរបានធ្លាក់ទៅបាតតារាងវិញ ដ្បិតពួកគេទើបរកបាន ៥ពិន្ទុប៉ុណ្ណោះ៕
អត្ថបទ៖ លី ឈុនឡា