ចំនួនអ្នកស្លាប់បានបន្តកើនឡើងនៅទូទាំងប្រទេសវៀតណាម សហភាពមីយ៉ាន់ម៉ា និងថៃ ខណៈ មនុស្សជាច្រើននាក់ទៀតនៅបាត់ខ្លួន ដោយសារទឹកជំនន់ដ៏គំហុក និងបំណាក់ដី។ ប្រជាជនរាប់លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍ បានទប់ទល់ជាមួយភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី ដែលបណ្តាលមកពីព្យុះទីហ្វុង Yagi កាលពីថ្ងៃសុក្រ។
ចំនួនអ្នកស្លាប់បានកើនឡើងលើសពី៣០០នាក់ មាននៅក្នុងប្រទេសវៀតណាម សហភាពមីយ៉ាន់ម៉ា និងប្រទេសថៃ ដោយព្យុះនេះកំពុងគំរាមកំហែងអាកាសធាតុមិនអំណោយផលបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ អង្គភាពសេវាសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម បានចាប់ផ្តើមសម្អាត ខណៈក៏កំពុងស្វែងរកអ្នកដែលនៅបាត់ខ្លួននៅឡើយ។
នៅប្រទេសថៃ និងសហភាពមីយ៉ាន់ម៉ា មនុស្សរាប់សែននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋានដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ នៅប្រទេសវៀតណាម ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់២៥៤នាក់ កាលពីថ្ងៃសុក្រ ហើយមនុស្សជាង៨២០នាក់បានរងរបួស និង៨២នាក់ នៅបាត់ខ្លួន។
ព្យុះទីហ្វុង Yagi បានវាយបោកបក់ទោលើសហភាពមីយ៉ាន់ម៉ា ជាកន្លែងដែលជនស៊ីវិលកំពុងរស់នៅឆ្លងកាត់ការប្រយុទ្ធដ៏អាក្រក់បំផុតចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងឆ្នាំ២០២១។ របបយោធារបស់សហភាពនេះបាននិយាយថា មនុស្សជាង២៣៥.០០០នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈមនុស្សយ៉ាងហោចណាស់៣៣នាក់ស្លាប់ គិតត្រឹមថ្ងៃសុក្រ។
នាយកផ្នែកសុខុមាលភាពសង្គមរបស់របបយោធាលោក Lay Shwe Zin Oo បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាជំរំប្រមាណ៥០កន្លែងត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់។
ទន្ទឹមនឹងនេះ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់នៅក្នុងប្រទេសថៃ ដោយសារទឹកជំនន់ ឬបំណាក់ដី។ កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រី លោកស្រី ផែ ថងថាន (Paetongtarn Shinawatra) បានធ្វើដំណើរទៅកាន់ទីក្រុងព្រំដែន Mae Sai ភាគខាងជើង ដែលបានមើលឃើញទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ ដើម្បីជួបជាមួយប្រជាជនដែលរងផលប៉ះពាល់ដោយសារព្យុះ។


