នៅក្នុងវេទិកាប៉េកាំងសៀងសានលើកទី១១ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយវេទិកានេះបានប្រព្រឹត្តទៅក្រោមប្រធានបទ«ការលើកកម្ពស់សន្តិភាពដើម្បីអនាគតរួមគ្នា» នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ពហុប៉ូលពុំមានភាពប្រាកដប្រជា និងប្រកបដោយហានិភ័យនៃអស្ថិរភាព ហើយបានបង្កើតឲ្យពិភពលោកមានការស្មុគស្មាញ និងមិនច្បាស់លាស់។
នៅក្នុងសុន្ទរកថា នៅចំពោះមុខមន្រ្តីជាន់ខ្ពស់យោធាជាច្រើនប្រទេសចូលរួម នៅក្នុងវេទិកា ខាងលើនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា «ជាទូទៅមានការទទួលស្គាល់ថា ពហុប៉ូលពុំមានភាពប្រាកដប្រជា និងប្រកបដោយហានិភ័យនៃអស្ថិរភាព រីឯពិភពលោកសព្វថ្ងៃនេះក៏កំពុងឆ្លងកាត់ការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក ដែលក្នុងនោះសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណីបានរួមបញ្ចូលគ្នា បង្កើតបាននូវពិភពលោកដ៏ស្មុគស្មាញ និងមិនច្បាស់លាស់មួយ។ ដូច្នេះបញ្ហានយោបាយរវាងមហាអំណាច មិនមែនជារឿងតែមួយគត់ដែលសំខាន់ជាងគេនៅលើសាកលលោកទៀតទេ ព្រោះបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណីក៏បង្កជាបញ្ហាធំៗដែរ ហើយវាពិតជាមានសារៈសំខាន់ណាស់ក្នុងការទទួលស្គាល់ថា គ្មានប្រទេសមួយ ឬក្រុមណាមួយអាចកំណត់ជាឯកតោភាគីនូវដំណើរនៃកិច្ចការពិភពលោក, យកឈ្នះលើបញ្ហាប្រឈមឬដោះស្រាយបញ្ហាដែលកំពុងកើតមានទាំងអស់តែម្នាក់ឯងនោះទេ»។
ដូច្នេះហើយនាយឧត្តមសេនីយ៍ប្រមុខការពារជាតិកម្ពុជាំ បានលើកឡើងទៀតថា ការផ្លាស់ប្តូរឆ្ពោះទៅរក«ពហុប៉ូ» ប្រកបដោយកិច្ចសហប្រតិបត្តិការ" នឹងផ្តល់នូវសក្តានុពលក្នុងការបង្កើតប្រព័ន្ធអន្តរជាតិមួយដែលមានតុល្យភាព និងយុត្តិធម៌ជាងមុន។ ជាមួយនឹងបណ្តុំនៃឥទ្ធិពលចម្រុះ បណ្តាប្រទេសតូចៗមានឱកាសក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ, ចូលរួមក្នុងដំណើរការសម្រេចចិត្ត, និងមានឱកាសក្នុងការចូលរួមការងារនានាក្នុងរបៀបវារៈសកល។
នៅចំពោះមុខនៃអង្គវេទិកាទាំងមូល នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងពាក់ព័ន្ធនឹង អាស៊ានផងដែរ ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ អាស៊ាននៅតែជាប៉ូលមួយដ៏សំខាន់ក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា«អាស៊ានមិនមែនជាសម្ព័ន្ធយោធា ឬជាមហាអំណាចសេដ្ឋកិច្ចនោះទេ ប៉ុន្តែអាស៊ានជាតួអង្គមួយដែលមាន«អំណាចកោះប្រជុំ» ពោលគឺអាស៊ានអាចប្រមូលផ្តុំប្រទេសមហាអំណាចធំៗឱ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួនបាន។ ចាប់តាំងពីការបង្កើតអាស៊ានមកអាស៊ានបានបណ្តុះយ៉ាងសកម្មនូវភាពជាដៃគូជាមួយមហាអំណាច និងដៃគូខាងក្រៅតាមរយៈយន្តការផ្សេងៗដែលដឹកនាំដោយអាស៊ាន ដូចជា អាស៊ាន+១ អាស៊ាន+៣ វេទិកាតំបន់អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកជាដើម។ យន្តការទាំងនេះមិនត្រឹមតែមាននូវកិច្ចប្រជុំផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱកាសឱ្យមានការទូតទ្វេភាគីសំខាន់ៗផងដែរ។ វិធីសាស្រ្តនេះជួយលើកកម្ពស់កម្រិតនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ៕ អត្ថបទ៖ បាន ចក់


