បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (6th Greater Mekong Sub-region (GMS) Environment Ministers Meeting (EMM6) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គទាំង៦ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានគាំទ្រ និងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថាន ឆ្នាំ២០៣០។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំGMSលើកទី៦ នៅល្ងាចថ្ងៃទី១៣ខែកញ្ញាម្សិលមិញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថានកម្ពុជា មានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS បានផ្តោតលើអាទិភាពចំនួនបួនរួមមាន៖ទី១.ពង្រឹងការឆ្លើយតបនឹងបញ្ហាអាកាធាតុ និងគ្រោះមហន្តរាយធម្មជាតិ ភាពធន់របស់សហគមន៍និងប្រព័ន្ធអេកូឡូស៊ី ២.គាំទ្រផ្លាស់ប្តូរការបញ្ចេញការបូនទាប ៣.ជំរុញសេដ្ឋកិច្ចចក្រា ពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការបំពុល ដោយចាត់វិធានការច្បាស់លាស់ និង៤.ដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រងធនធម្មជាតិ ស្តារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍។
ឯកឧត្តមបានបន្តថា ក្នុងក្របខណ្ឌយុទ្ធសាស្រ្តក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាស្នូលចំនួនបួនផងដែរ ដែលក្នុងនោះរួមមាន៖ទី១.ការលើកកម្ពស់ការចូលរួមរបស់យុវជន និងស្រ្តី លើភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយសម្រាប់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ី ទី២. គាំទ្រការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បៃតង និងការបញ្ចេញកាបូនទាប ទី៣. ជំរុញការបង្កើតហិរញ្ញប្បទាន សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង ដោយការពង្រឹងវិធានការត្រួតពិនិត្យការបំពុល។ និងទី៤. ការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន លើការរគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅប្រជាជនក្នុងតំបន់។ រដ្ឋមន្រ្តីបរិស្ថាន GMS បានគាំទ្រទាំងអស់គ្នាទៅលើសេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិក ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនជាមួយគ្នា ដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថាន។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំ GMS រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបរិស្ថាននៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ។រៀងរាល់បីឆ្នាំម្តង រដ្ឋមន្ត្រីបរិស្ថានមកពីប្រទេស GMS ចំនួនប្រាំមួយជួបប្រជុំគ្នាដើម្បីពិនិត្យមើលវឌ្ឍនភាព និងកំណត់របៀបវារៈសម្រាប់កិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចGMS៕ អត្ថបទ៖ទូច សោភ័ណ









