បាល់ទាត់៖ ក្រុមតោខៀវ Chelsea បានបន្តដំណើរឡើងជុំទី៤ នៃពានរង្វាន់ Carabao Cup ហើយក្រោយជ័យជំនះលើក្រុមភ្ញៀវ Aston Villa ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។ Timo Werner ជាអ្នកតែតបញ្ចូលទីនាំមុខមុននៅនាទីទី៥៤ តែ Cameron Archer គឺជាអ្នកតាមស្មើវិញឱ្យ Aston Villa មុនពេលក្រុមទាំងពីរឈានដល់វគ្គ ១១ម៉ែត្រកាត់សេចក្តី។

Aston Villa, Ashley Young និង Marvelous Nakamba ស៊ុតមិនចូលដូចគ្នា ខណៈខ្សែការពារ Chelsea, Ben Chilwell ក៏ស៊ុតមិនចូលដែរតែ Reece James គឺជាអ្នកសំរេចគ្រាប់ចុងក្រោយបញ្ជូន Chelsea ឡើងវគ្គ ១៦ក្រុមចុងក្រោយ Carabao Cup ដោយត្រូវទទួល Southampton។ ងាកមក Arsenal វិញក៏បានឈានទៅវគ្គបន្តដែរក្រោយយកឈ្នះ Wimbledon ៣-០ នៅកីឡដ្ឋាន Emirate។ បីគ្រាប់របស់ Arsenal ធ្វើបានដោយ Alexander Lacazette ដោយបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី១១, Emile Smith Rowe នាទីទី៧៧ និងនាទីទី៨៨ ដោយ Eddie Nketiah។ ជុំទី៤ Arsenal ត្រូវទទួលភ្ញៀវ Leeds United។ ចំណែកឯ Leicester City យប់មិញយកឈ្នះនៅទឹកដី Milwall ២-០ ធ្វើបានដោយ Ademola Lookman និង Kelechi Iheanacho។

គូចុងក្រោយនេះក្រុមបិសាចក្រហម Manchester United បានរងបរាជ័យក្នុងទឹកដីខ្លួនឯងក្រោយចាញ់ក្រុមញញួរធំ West Ham ១-០ ដោយគ្រាប់បាល់របស់ Manuel Lanzini តាំងពីនាទីទី៩។ នេះជាគ្រាប់ដំបូងរបស់ Lanzini តាំងពីខែឧសភា ឆ្នាំ២០១៩ និងជាការសងសឹកបានសំរេចដែរលើ Manchester United ដែលយកឈ្នះ West Ham ចុងសប្តាហ៍កន្លងទៅក្របខណ្ឌ English Premier League។ ក្រុមរបស់លោក David Moyes នឹងត្រូវទទួល Manchester City នៅជុំទី៤៕
អត្ថបទ៖នាង សុភាវុធ