វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ជាវិទ្យាល័យរដ្ឋស្ថិតនៅជនបទ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សាលារដ្ឋមួយនេះ ជាសាលាមានភាពល្បីល្បាញខ្លាំង លើលទ្ធផលប្រឡងបាក់ឌុប ដែលសិស្សនៅសាលានេះ ប្រឡងជាប់បាក់ឌុប ១០០ភាគរយ និងមានសិស្សប្រឡងធ្លាក់ ២នាក់ប៉ុណ្ណោះ ក្នុងការប្រឡងបាក់ឌុបជិត ១០ឆ្នាំ មកនេះ។

វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ជាវិទ្យាល័យបង្កើតថ្មី ដែលមានសិស្សចូលរួមប្រឡងបាក់ឌុប ចាប់ពីឆ្នាំ ២០១៧។ រយៈពេលជិត ១០ឆ្នាំមកនេះ សាលារដ្ឋមួយនេះ បានកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺទូទាំងប្រទេស ដោយសារសាលាសម្រេចបានលទ្ធផលសិស្សជាប់បាក់ឌុប រហូត ១០០ភាគរយរហូតដល់ ៤ឆ្នាំ ហើយឆ្នាំ ខ្លះគ្មានសិស្សជាប់និទ្ទេស Eថែមទៀតផង។ លោក សឿង រដ្ឋា ជានាយកសាលាលើកឡើងបន្ថែមថា ជាបទពិសោធន៍ក្នុងការប្រឡងជាច្រើនឆ្នាំមកនេះ សាលាមានសិស្សប្រឡងធ្លាក់បាក់ឌុបចំនួន ២នាក់ប៉ុណ្ណោះ។

ផលសម្រេចបានដ៏ជោគជ័យជាច្រើនឆ្នាំមកនេះ បានក្លាយកត្តារុញច្រានសំខាន់សម្រាប់គោលដៅសាលា ពិសេសក្នុងការប្រឡងបាក់ឌុប។ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន ក៏ដូចជាសិស្សានុសិស្សពិសេសសិស្សថ្នាក់ទី ១២ គឺមានគោលដៅរួមមួយ គឺការប្រឡងជាប់បាក់ឌុប ១០០ភាគរយ សម្រាប់ការប្រឡងខាងមុខនេះ។ ទន្ទឹមនឹងគោលដៅប្រឡងជាប់បាក់ឌុប ១០០ភាគរយ លោកនាយក ក៏បានដាក់គោលដៅលុបបំបាត់ការជាប់និទ្ទេស Eផងដែរ លោកចង់ឱ្យសិស្សសុទ្ធតែប្រឡងជាប់ទទួលបាននិទ្ទេសល្អ ដូចអ្វីដែលសាលាធ្លាប់សម្រេចបាន។

ជាសកម្មភាពដើម្បីឈានទៅសម្រេចគោលដៅនេះ សាលាបានបន្តអនុវត្តការសិក្សាពេញមួយថ្ងៃ និងការបង្រៀនប្រកបដោយនិរន្តរភាព។ ការបង្រៀនប្រកបដោយនិរន្តរភាពនេះ លោកនាយកសាលាសំដៅលើនៅពេលគ្រូណាម្នាក់អវត្តមាន គឺមានគ្រូដែលទំនេរត្រូវចូលបង្រៀនជំនួស។ លើសពីនេះ គឺជាកាតព្វកិច្ចរបស់គ្រូ ដែលត្រូវបង្រៀនប្រកបដោយទំនួលខុសត្រូវ បង្រៀនលើវិញ្ញាសា ពិសេស ស្រាវជ្រាវ រិះរក បង្កើតវិញ្ញាសា ដែលគិតថាក្រសួងអាចដាក់នៅក្នុងវិញ្ញាសាប្រឡងឆ្នាំនេះ។

ភ្ជាប់ជាមួយគ្នានេះដែរ រាល់ការប្រឡងប្រចាំខែ ការប្រឡងឆមាស គឺសាលាអនុវត្តដោយគោរពតាមគោលការណ៍ «ចេះគឺជាប់»។ សិស្សមានសិទ្ធយកចូលបន្ទប់ប្រឡង តែប៊ិចប៉ុណ្ណោះ។ លើសពីនេះ សាលាក៏បានរៀបចំការធ្វើតេស្តសាកល្បង ដែលដូចទៅនឹងការប្រឡងបាក់ឌុប ដើម្បីពីសមត្ថភាពពិតប្រាកដរបស់សិស្ស។ ចំពោះសិស្សខ្សោយ ដែលរកឃើញពីការធ្វើតេស្តសាកល្បងនេះ គឺសាលានឹងជួបជាសិស្ស អាណាព្យាបាល ដោយផ្ទាល់ដើម្បីជំរុញលើកទឹកចិត្ត ឱ្យតស៊ូប្រឹងប្រែងកុំបោះបង់ជាដាច់ខាត។ លោកនាយកថា ពេលវេលាពង្រឹងសមត្ថភាពនៅតែមាន ស្របពេលដែលសាលានឹងបន្តការសិក្សារហូតដល់ថ្ងៃទី ៥ ខែតុលា ស្របពេលដែលការប្រឡងនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែតុលា។
លើសពីនេះ សាលាបានណែនាំជាចាំបាច់រឿងសុខភាព និងសុវត្ថិភាពជាចាំបាច់សម្រាប់សិស្សកំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ អត្ថបទ៖ គឹម ហុក


