ប្រជាជន ដែលរស់នៅតាមដងទន្លេមេគង្គ ក្នុងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ត្រូវបានអាជ្ញាធរ ចេញការព្រមានពីការហក់ឡើងកម្ពស់ទឹក ដែលបានពេញហៀររួចទៅហើយពីមាត់ទន្លេ និងតំបន់ទំនាបដែលជន់លិច។
ការិយាល័យរដ្ឋបាលទីក្រុងវៀងច័ន្ទ បាននិយាយនៅក្នុងការព្រមានរបស់ខ្លួន ថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ត្រូវបានគេរំពឹងថាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកញ្ញា ហើយក៏ត្រូវបានគេរំពឹងថានឹងបង្កឱ្យមានការហក់ឡើងយ៉ាងគំហុក ចំពោះកម្រិតទឹកទន្លេមេគង្គ។
គណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃសុក្រ បាននិយាយថា កម្ពស់ទឹកនៅក្នុងខេត្តហ្លួងប្រាបាង ស្ថិតក្នុងកម្ពស់ ១ម៉ែត្រ លើសពីកម្រិតទឹកជំនន់ ដោយបានរាលដាលដល់តំបន់រងគ្រោះទៅដល់ខេត្តឈៀងខាន់ វៀងច័ន្ទ និងខេត្តណងខៃ ដែលនៅជិតខាងប្រទេសថៃ។
គណៈកម្មការទន្លេមេគង្គ (MRC) បានព្យាករថា កម្រិតទឹកជំនន់ នឹងហក់ឡើងដល់ចំណុចខ្ពស់នៅថ្ងៃទី ១៦ ខែកញ្ញា មុននឹងស្រកទៅវិញក្នុងកម្រិតធម្មតា នៅថ្ងៃទី ១៧ ខែកញ្ញា។
